ឥរិយាបថ ៥ យ៉ាងអាចសម្គាល់ថាកុមារកំពុងកង្វះវីតាមីន
- 2026-01-09 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥរិយាបថ ៥ យ៉ាងអាចសម្គាល់ថាកុមារកំពុងកង្វះវីតាមីន
ចន្លោះមិនឃើញ
កង្វះវីតាមីន B6, B12, ជាតិដែក និងវីតាមីនមួយចំនួនទៀត អាចប៉ះពាល់ដល់អារម្មណ៍ សមត្ថភាពផ្ដោតអារម្មណ៍ កម្រិតថាមពល និងការគេងរបស់កុមារ។ កុមារឆ្លងកាត់ដំណាក់កាលលូតលាស់ជាច្រើនទាំងផ្នែកអារម្មណ៍ និងរាងកាយ។ ការប្រែប្រួលឥរិយាបថមួយចំនួន អាចជាសញ្ញាដំបូងនៃកង្វះវីតាមីន ដែលជះឥទ្ធិពលដល់ខួរក្បាល និងសុខភាពបេះដូង។ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលសម្គាល់ថា កុមារខ្វះវីតាមីន ម៉ាក់ៗគួររៀនសង្កេត។
១. ងាយខឹងសម្បារ (មួរម៉ៅ)
កុមារដែលឧស្សាហ៍មួរម៉ៅ ងាយប្រែប្រួលអារម្មណ៍ ឬមានអារម្មណ៍មិនប្រក្រតី អាចពាក់ព័ន្ធនឹងការខ្វះវីតាមីន B6 និង B12។ វីតាមីនទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ និងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ដោយចូលរួមសម្របសម្រួលសារធាតុបញ្ជូនសរសៃប្រសាទដែលប៉ះពាល់ដល់អារម្មណ៍។ នៅពេលខ្វះវីតាមីនក្រុម B តុល្យភាពគីមីក្នុងខួរក្បាលអាចនឹងរំខាន ដែលនាំឱ្យអារម្មណ៍មិនស្ថិតស្ថេរ។
២. ពិបាកផ្ដោតអារម្មណ៍ និងរពឹសខ្លាំងខុសធម្មតា
កុមារដែលមានសញ្ញាពិបាកផ្ដោតអារម្មណ៍ អន្ទះអន្ទែង ឬរពឹសខ្លាំងពេក ជួនកាលអាចពាក់ព័ន្ធនឹងកង្វះ ជាតិដែក (Iron) និង វីតាមីន D។ ជាតិដែកជួយដឹកជញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល គាំទ្រដល់ការលូតលាស់ផ្នែកបញ្ញា ចំណែកវីតាមីន D មិនត្រឹមតែចាំបាច់សម្រាប់សុខភាពឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងមុខងារខួរក្បាល និងការសម្របសម្រួលឥរិយាបថផងដែរ។ ក្នុងករណីខ្លះ ប្រសិនបើកូនពិបាកផ្ដោតអារម្មណ៍ ឬមានបញ្ហាក្នុងការរៀនសូត្រ ការពិនិត្យកម្រិតជាតិដែក និងវីតាមីន D គឺជាកត្តាចាំបាច់។
៣. អស់កម្លាំង និងខ្វះថាមពល
កុមារដែលអស់កម្លាំងខុសធម្មតា មិនសូវចង់លេងកម្សាន្ត ឬឧស្សាហ៍រអ៊ូថាទន់ដៃទន់ជើង អាចទាក់ទងនឹងកង្វះវីតាមីន B12 និង ជាតិដែក។ សារធាតុទាំងពីរនេះសុទ្ធតែចាំបាច់សម្រាប់ដំណើរការបង្កើតគ្រាប់ឈាមក្រហម និងការដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយទាំងមូល។
៤. ភាពភ័យព្រួយ និងព្រួយបារម្ភ
សារធាតុចិញ្ចឹមមួយចំនួនដូចជា Folate (វីតាមីន B9) និង អាស៊ីតខ្លាញ់ Omega-3 ចូលរួមគាំទ្រមុខងារខួរក្បាល សម្របសម្រួលអារម្មណ៍ និងសមត្ថភាពស្ដារផ្លូវចិត្ត។ កង្វះវីតាមីន B9 អាចបង្កើនហានិភ័យនៃភាពភ័យព្រួយ ឬអារម្មណ៍ក្រៀមក្រំអូសបន្លាយ។ ចំណែក Omega-3 ជួយដល់សុខភាពខួរក្បាល និងកែលម្អរោគសញ្ញានៃការរំខានផ្លូវចិត្ត។ ការបន្ថែមអាហារសម្បូរ Folate និងខ្លាញ់ល្អក្នុងរបបអាហារប្រចាំថ្ងៃ ជួយឱ្យអារម្មណ៍កុមារមានស្ថិរភាព។
៥. បញ្ហាដំណេក (គេងមិនលក់)
ការគេងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការលូតលាស់របស់កុមារ។ កង្វះ វីតាមីន D និង ម៉ាញ៉េស្យូម (Magnesium) អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បង្កឱ្យពិបាកគេង ភ្ញាក់ពាក់កណ្តាលយប់ ឬគេងមិនស្កប់។ ម៉ាញ៉េស្យូមជួយឱ្យសាច់ដុំសម្រាក ចំណែកវីតាមីន D ទាក់ទងនឹងការសម្របសម្រួលអរម៉ូន Melatonin (អរម៉ូនជំនួយការគេង)។
របបអាហារដែលគួរផ្ដោតលើ៖
របបអាហារដែលមានតុល្យភាព និងសម្បូរបែប ជួយឱ្យកុមារទទួលបានវីតាមីនចាំបាច់សម្រាប់ការលូតលាស់៖
• វីតាមីន B6៖ មានច្រើនក្នុងចេក សាច់បក្សី ត្រី ធញ្ញជាតិ និងគ្រាប់អាល់ម៉ុន។
• វីតាមីន B12៖ មានក្នុងស៊ុត ទឹកដោះគោ សាច់សត្វ និងគ្រាប់ធញ្ញជាតិបំប៉ន។
• វីតាមីន C៖ មានក្នុងផ្លែឈើអំបូរក្រូច ស្ត្របឺរី ម្ទេសប្លោក និងផ្កាខាត់ណាខៀវ។
ចំណាំ៖ ចំពោះកុមារដែលរើសម្ហូប ការប្រើប្រាស់អាហារបំប៉ន (Supplements) អាចយកមកពិចារណាបាន ប៉ុន្តែឪពុកម្តាយគួរតែ ពិគ្រោះជាមួយគ្រូពេទ្យកុមារ ដើម្បីធានាសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមកម្រិតដែលកូនត្រូវការ៕