កុមារមិនព្រមញ៉ាំអាហារអាចមកពីបញ្ហាមួយចំនួន ប៉ាម៉ាក់គួរស្វែងយល់
- 2026-01-08 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារមិនព្រមញ៉ាំអាហារអាចមកពីបញ្ហាមួយចំនួន ប៉ាម៉ាក់គួរស្វែងយល់
ចន្លោះមិនឃើញ
កុមារដែលមានវិបត្តិក្នុងការញ៉ាំអាហារ អាចធ្វើឲ្យម៉ាក់ៗមានការព្រួយបារម្ភខ្លាំងអំពី សុខភាពកូន។ ក្មេងមានវិបត្តិនេះអាចព្យាយាមគេចពីការញ៉ាំបាយជុំគ្រួសារ លាក់ចំណីអាហារ មានការប្រែប្រួលអារម្មណ៍ និងមានអាកប្បកិរិយាមិនប្រក្រតី។ កុមារដែលមានសម្ពាធពីការសិក្សានៅសាលាក៏អាចប៉ះពាល់ដល់ទម្លាប់នៃការទទួលទានរបស់កុមារដែរ។
ដូចនេះក្នុងនាមជាឪពុកម្តាយ ត្រូវកត់សម្គាល់ទៅលើទម្លាប់មួយចំនួនដែលកូនខុសពីទម្លាប់ប្រចាំថ្ងៃ ដើម្បីបានជួយកូនទាន់ពេលពេលវេលា ក្នុងការការពារបញ្ហាកង្វះអាហារូបត្ថម្ភ និងជំងឺក្រិសក្រិន (ឆ្អឹងមិនរឹងមាំ)។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលកុមារ មានសញ្ញាខុសប្រក្រតី ដែលបណ្តាលឱ្យកុមារមានបញ្ហាផ្លូវចិត្តក្នុងការញ៉ាំអាហារ។
១. ទម្លាប់ញ៉ាំអាហារ
កុមារដែលមានបញ្ហានេះ តែងតែរំលងការទទួលទានអាហារ ញ៉ាំតិចតួច ឬជៀសវាងអាហារមួយចំនួនដោយគ្មានមូលហេតុច្បាស់លាស់។ ក្មេងខ្លះអាចនឹងកុហកថាបានញ៉ាំរួចហើយ ព្យាយាមរុញអាហារចុះឡើងនៅលើចាន លាក់អាហារ លួចយកទៅបោះចោល ឬធ្វើពុតជាញ៉ាំដើម្បីជៀសវាងការសាកសួរ។ សកម្មភាពទាំងនេះបង្ហាញថា ក្មេងកំពុងមានសេចក្ដីព្រួយបារម្ភ បាក់ទឹកចិត្ត ឬច្របូកច្របល់អំពីអាហារ និងទម្ងន់ខ្លួន។ ឪពុកម្តាយគួររក្សាភាពស្ងប់ស្ងាត់ ជជែកសាកសួរពីអារម្មណ៍របស់កូនក្នុងពេលញ៉ាំបាយ ដើម្បីជួយជ្រោមជ្រែងឱ្យទាន់ពេល។
២. ការព្រួយបារម្ភខ្លាំងលើទម្ងន់ខ្លួន
កុមារតែងតែនិយាយរអ៊ូថាខ្លួនឯងធាត់ ឆ្លុះកញ្ចក់មើលរូបរាងមិនឈប់ឈរ និងចាប់អារម្មណ៍ខ្លាំងពេកលើចំនួនកាឡូរី ឬតមអាហារ។ ពាក្យសម្តីដូចជា «កូនត្រូវតែស្គមជាងនេះ» ឬ «កូនមិនគួរញ៉ាំមុខម្ហូបនេះទេ» គឺជាសញ្ញាព្រមានដំបូង។ ជាជាងការបដិសេធភ្លាមៗ ឪពុកម្តាយគួរលើកទឹកចិត្តឱ្យកូនចែករំលែកពីមូលហេតុ និងរំឭកកូនអំពីសារៈសំខាន់នៃសុខភាព។
៣. សញ្ញាមិនប្រក្រតីផ្នែករាងកាយ
ការស្រកទម្ងន់លឿនខុសធម្មតា ស្បែកស្លេកស្លាំង អស់កម្លាំង ឬសក់ស្តើង (សក់ជ្រុះ) អាចជាសញ្ញាថាកុមារមិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។ សញ្ញារូបរាងកាយទាំងនេះ ច្រើនតែលេចឡើងក្រោយពេលដែលអាកប្បកិរិយាមិនប្រក្រតីបានកើតឡើងមួយរយៈធំទៅហើយ ដូច្នេះឪពុកម្តាយច្រើនតែដឹងខ្លួននៅពេលដែលបញ្ហាកាន់តែធ្ងន់ធ្ងរ។
៤. ការប្រែប្រួលអារម្មណ៍
ការផ្លាស់ប្តូរផ្នែកអារម្មណ៍គឺជាសញ្ញាដំបូងបំផុត។ កុមារអាចនឹងក្លាយជាមនុស្សស្ងប់ស្ងាត់ខុសពីធម្មតា ងាយខឹងសម្បារ ឬជៀសវាងការចូលរួមសកម្មភាពសង្គម។ ជាជាងការស្តីបន្ទោស ឬដាក់សម្ពាធ ឪពុកម្តាយគួរជជែកលេងដោយទន់ភ្លន់ អត់ធ្មត់ស្តាប់កូន និងធ្វើឱ្យកូនមានអារម្មណ៍ថាពួកគេនឹងមិនត្រូវបានវិនិច្ឆយ ឬស្តីបន្ទោសឡើយ។
អនុសាសន៍ទូទៅសម្រាប់ប៉ាម៉ាក់៖
• បង្កើតបរិយាកាសទទួលទានអាហារឱ្យបានសប្បាយរីករាយ។
• ផ្លាស់ប្តូរមុខម្ហូបឱ្យបានសម្បូរបែប និងឱ្យកូនចូលរួមជួយរៀបចំអាហារ។
• រក្សាកាលវិភាគញ៉ាំអាហារឱ្យបានទៀងទាត់ កាត់បន្ថយការញ៉ាំអាហារសម្រន់ផ្តេសផ្តាស។
• ធ្វើជាគំរូដ៏ល្អក្នុងទម្លាប់នៃការទទួលទាន។
ការចូលទៅជិតកូនដោយភាពទន់ភ្លន់ និងការអត់ធ្មត់ នឹងជួយឱ្យកុមារផ្លាស់ប្តូរឥរិយាបថបន្តិចម្តងៗ និងរក្សាបាននូវអាហារូបត្ថម្ភដែលសមស្រប៕
ប្រភព៖vnexpress / Jonhs Hopkins Medicine