អាកាសធាតុត្រជាក់និងធ្លាក់ខ្យល់ គន្លឹះសំខាន់ៗការពារសុខភាពស្បែកកូនៗ

  • 2026-01-05 02:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលអាកាសធាតុប្រែជាត្រជាក់ ធ្លាក់ខ្យល់ ស្បែករបស់ក្មេងៗដែលស្តើង និងងាយប្រតិកម្ម នឹងប្រឈមមុខខ្លាំងនឹងបញ្ហាស្ងួត ក្រហម ឬរបក។ ដើម្បីការពារ និងថែរក្សាស្បែកកូនឱ្យមានសុខភាពល្អ ប៉ាម៉ាក់អាចអនុវត្តតាមតិចនិកងាយៗ មួយចំនួន​។

១. ស្លៀកសំលៀកបំពាក់រដូវរងា

កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។

២.ជ្រើសរើសផលិតផលផ្ដល់សំណើមឱ្យត្រូវនឹងសភាពស្បែក

ក្នុងរដូវរងា ឡេធម្មតា (Lotion) ប្រហែលជាមិនគ្រប់គ្រាន់ទេ ព្រោះវាមានជាតិទឹកច្រើន និងឆាប់ស្ងួត។

បើស្បែកកូនស្ងួតខ្លាំង ប៉ាម៉ាក់គួរប្រើប្រភេទ គ្រីម (Cream) ឬ ប្រេង (Ointment/Oil) ដែលមានភាពខាប់ជាង ព្រោះវាជួយបង្កើតស្រទាប់ការពារស្បែកបានយូរ។ សូម​សាកសួរ​គ្រូពេទ្យដើម្បី​ដឹង​ពី​ការ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ។

៣.កុំងូតទឹកក្ដៅពេក និងយូរពេក

ទោះបីជាអាកាសធាតុត្រជាក់ ប៉ុន្តែការងូតទឹកក្ដៅខ្លាំងនឹងជម្រុះជាតិប្រេងធម្មជាតិដែលការពារស្បែកកូនចេញអស់។

• តិចនិក៖ គួរប្រើ ទឹកក្តៅឧណ្ហៗ និងកម្រិតពេលវេលាងូតទឹកត្រឹម ៥ ទៅ ១០ នាទី បានហើយ។

• សាប៊ូ៖ ជ្រើសរើសសាប៊ូដែលគ្មានជាតិកាត់ គ្មានក្លិនក្រអូបខ្លាំង និងមាន pH ទាប ដើម្បីរក្សាសំណើម។

៤. ជ្រើសរើសសម្លៀកបំពាក់ដែលទន់ និងមានខ្យល់ចេញចូល

សម្លៀកបំពាក់រោមសត្វ ឬក្រណាត់ក្រាស់ពេក អាចធ្វើឱ្យកូនរមាស់ស្បែក។

• តិចនិក៖ គួរឱ្យកូនស្លៀកសម្លៀកបំពាក់ធ្វើពី សាច់សំឡីនៅខាងក្នុងបំផុត រួចសឹមពាក់អាវរងាពីខាងក្រៅ។ វិធីនេះជួយការពារស្បែកពីការកកិតផ្ទាល់ជាមួយសាច់ក្រណាត់ដែលរឹង។

៥. ផ្ដល់ជាតិទឹក

ភាពស្ងួតមិនមែនដោះស្រាយបានតែពីខាងក្រៅនោះទេ។ កូនត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីឱ្យស្បែកមានសំណើមពីខាងក្នុង។

• ដំណោះស្រាយ៖ ទោះជាមិនសូវស្រេកទឹកដូចរដូវក្ដៅ ប៉ុន្តែប៉ាម៉ាក់ត្រូវរំឭកកូនឱ្យញ៉ាំទឹកឱ្យបានច្រើន ឬញ៉ាំស៊ុបក្តៅៗ និងផ្លែឈើដែលមានជាតិទឹក។

៦. ការពារស្បែកពេលចេញក្រៅ

ខ្យល់ត្រជាក់អាចធ្វើឱ្យស្បែកមុខ និងដៃកូនប្រេះបានយ៉ាងងាយ។

• តិចនិក៖ លាបឡេការពារស្បែកមុខកូនមុនពេលចេញក្រៅ ហើយបើត្រជាក់ខ្លាំង គួរឱ្យកូនពាក់ស្រោមដៃ និងស្រោមជើងឱ្យបានជិតល្អ។

ប្រសិនបើស្បែកកូនឡើងក្រហមខ្លាំង រមាស់រហូតគេងមិនលក់ ឬមានស្នាមរបកចេញឈាម ប៉ាម៉ាក់មិនគួរទិញថ្នាំលាបដែលមានជាតិកាត់ខ្លាំងមកប្រើដោយចិត្តឯងឡើយ។ គួរនាំកូនទៅជួបគ្រូពេទ្យជំនាញសើស្បែក ឬគ្រូពេទ្យកុមារដើម្បីទទួលបានការណែនាំត្រឹមត្រូវ៕

ប្រភព៖ Children National / Cradle Children Hospital

អត្ថបទ ៖ មោលី