ម៉ាក់ៗធ្វើបែបណាខ្លះទើបមានតុល្យភាពរវាងការងារ និងការ​មើលថែគ្រួសារ?

  • 2025-12-31 06:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសង្គមសម័យទំនើប ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងកម្លាំងពលកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយភាពជោគជ័យក្រៅផ្ទះ ស្ត្រីភាគច្រើនកំពុង រ៉ាប់រងនូវអ្វីដែលអ្នកជំនាញហៅថា «បន្ទុកទ្វេដង» (Double Burden)។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយដែលទាមទារឱ្យមានការយល់ដឹង និងការផ្លាស់ប្តូរផ្នត់គំនិតជាលក្ខណៈប្រព័ន្ធ។

១. ការយល់ដឹងអំពី «បន្ទុកទ្វេដង» និងតថភាពសង្គម

តាមប្រពៃណី សង្គមតែងតម្រូវឱ្យស្ត្រីជាអ្នកមើលថែទាំផ្ទះសម្បែង និងកូនចៅ ខណៈដែលបុរសជាអ្នករកចំណូល។ ប៉ុន្តែនៅពេលដែលស្ត្រីចេញទៅធ្វើការក្រៅផ្ទះដូចបុរស ការបែងចែកការងារក្នុងផ្ទះមិនមានការផ្លាស់ប្តូរទៅតាមនោះទេ។ យោងតាមរបាយការណ៍របស់ អង្គការអន្តរជាតិខាងការងារ (ILO) ស្ត្រីនៅទូទាំងពិភពលោកចំណាយពេលមធ្យម ៣ ដងច្រើនជាងបុរស ក្នុងការធ្វើការងារផ្ទះដែលមិនទទួលបានកម្រៃ។

នៅក្នុងបរិបទប្រទេសកម្ពុជា យោងតាមផែនការយុទ្ធសាស្ត្រ «នារីរតនៈ» របស់ក្រសួងកិច្ចការនារី ក៏បានបង្ហាញផងដែរថា បន្ទុកការងារផ្ទះនៅតែជាឧបសគ្គចម្បងដែលរារាំងស្ត្រីមិនឱ្យមានឱកាសពេញលេញក្នុងការអភិវឌ្ឍអាជីព ការរៀនសូត្រ និងការចូលរួមក្នុងកិច្ចការសង្គម។

២. ផលប៉ះពាល់លើសុខភាពនិងអាជីព

នៅពេលដែលស្ត្រីត្រូវរ៉ាប់រងទាំងការងាររកចំណូល និងការងារផ្ទះ (បោកគក់ ដាំស្ល មើលកូន) ដោយគ្មានការជួយជ្រោមជ្រែង វានឹងនាំឱ្យកើតមាន៖

  • បន្ទុកធ្ងន់ធ្ងរ៖ ភាពនឿយហត់រ៉ាំរ៉ៃដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។
  • គម្លាតនៃការទទួលបានឱកាស៖ ស្ត្រីច្រើនតែសម្រេចចិត្តបោះបង់ឱកាសការងារ ឬឈប់ធ្វើការតែម្តង ដោយសារមិនអាចបែងចែកពេលវេលាបាន ដែលនេះជាការបាត់បង់ធនធានមនុស្សដ៏ធំសម្រាប់សង្គមជាតិ។
  • សម្ពាធផ្លូវចិត្ត៖ មានអារម្មណ៍ខុសដោយគិតថាខ្លួនមិនអាចធ្វើជា «ម្តាយដ៏ល្អ ឬ បុគ្គលិកឆ្នើម» បានក្នុងពេលតែមួយ។

៣. ដំណោះស្រាយ គឺការផ្លាស់ប្តូរពីកម្រិតបុគ្គលដល់ស្ថាប័ន

ដើម្បីសម្រេចបាននូវតុល្យភាពនេះ មិនមែនជាតួនាទីរបស់ស្ត្រីតែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគី។

ក. ការគាំទ្រពីគ្រយសារ

នេះជាចំណុចនេះសំខាន់បំផុត។ សមាជិកគ្រួសារ ជាពិសេសស្វាមី ត្រូវយល់ថា «ការងារផ្ទះ គឺជាការងាររួម» មិនមែនជាការងារជួយប្រពន្ធនោះទេ។ ការបែងចែកភារកិច្ចច្បាស់លាស់ ដូចជាការមើលកូន ឬការសម្អាតផ្ទះ នឹងជួយឱ្យស្ត្រីមានពេលសម្រាប់សម្រាក និងអភិវឌ្ឍខ្លួន។

ខ. ការគាំទ្រពីកន្លែងការងារ

ស្ថាប័ននានាគួរអនុវត្តគោលនយោបាយដែលយល់យោគដល់ស្ត្រី ដូចជា៖

  • ម៉ោងធ្វើការដែលមានភាពបត់បែន។
  • ការអនុញ្ញាតឱ្យធ្វើការពីផ្ទះក្នុងករណីចាំបាច់។
  • ការបង្កើតឱ្យមានទារកដ្ឋាននៅកន្លែងធ្វើការ ឬការផ្តល់អត្ថប្រយោជន៍មាតុភាពដែលសមស្រប។
  • UN Womenលើកឡើងថា ស្ថាប័នដែលផ្តល់តុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួនឱ្យបុគ្គលិក តែងតែទទួលបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការរក្សាបាននូវបុគ្គលិកពូកែៗបានយូរអង្វែង។

គ. ការប្រើប្រាស់បច្ចេកវិទ្យា និងការរៀបចំផែនការ

ការប្រើប្រាស់ឧបករណ៍វៃឆ្លាតក្នុងផ្ទះ ឬការបញ្ជាទិញទំនិញអនឡាញ អាចជួយសន្សំសំចៃពេលវេលាបានច្រើន។ ការរៀបចំបញ្ជីការងារត្រូវធ្វើក៏ជួយឱ្យការចាត់ចែងការងារមានសណ្តាប់ធ្នាប់។

តុល្យភាពរវាងការងារ និងគ្រួសារ មិនមែនគ្រាន់តែជាបញ្ហារបស់ស្ត្រីនោះទេ ប៉ុន្តែវាគឺជាសូចនាករនៃសង្គមដែលរីកចម្រើន និងមានសមធម៌។ នៅពេលដែលបន្ទុកត្រូវបានចែករំលែក ស្ត្រីនឹងមានលទ្ធភាពបញ្ចេញសក្តានុពលរបស់ខ្លួនបានពេញលេញ ដែលនាំមកនូវផលប្រយោជន៍ដល់គ្រួសារ សហគ្រាស និងសេដ្ឋកិច្ចជាតិទាំងមូល។ ការសម្រេចបាននូវតុល្យភាពនេះទាមទារឱ្យមានការរុះរើរបាំងវប្បធម៌ចាស់ៗ និងជំនួសមកវិញនូវវប្បធម៌នៃ «ការគោរព និងការជួយគ្នាទៅវិញទៅមក»។

ប្រភព៖ Gender Study / UNDP

អត្ថបទ៖ ចាន់ តារា