អាការសំខាន់ៗត្រូវយកចិត្តទុកដាក់ និង​សង្ក្រោះបន្ទាន់ក្រោយ​សម្រាល​

  • 2025-12-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីសម្រាលកូនរួច រាងកាយរបស់ម៉ាក់ៗនឹងឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំង។ ទោះបីជាការឈឺចាប់ខ្លះជារឿងធម្មតាក្នុងដំណើរការជាសះស្បើយ ប៉ុន្តែមានសញ្ញាមួយចំនួនដែលយើងមិនត្រូវមើលរំលងដាច់ខាត។

យោងតាមយុទ្ធនាការ "Hear Her" របស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) និងការណែនាំពី មហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិក(ACOG) ខាងក្រោមនេះគឺជាសញ្ញាអាសន្នមួយចំនួនដែលអ្នកម្ដាយគ្រប់រូប និងសមាជិកគ្រួសារត្រូវដឹង។

១. សញ្ញាដែលត្រូវស្វែងរកជំនួយវេជ្ជសាស្ត្របន្ទាន់

ប្រសិនបើអ្នកមានសញ្ញាណាមួយដូចខាងក្រោម សូមប្រញាប់ស្វែងរកការសង្គ្រោះជាបន្ទាន់។

  • ឈឺទ្រូង៖ មានអារម្មណ៍ថាណែន ឬឈឺក្នុងទ្រូងខ្លាំង។
  • ពិបាកដកដង្ហើម៖ ដកដង្ហើមមិនដល់គ្នា ឬមានអារម្មណ៍ថប់ដង្ហើម។
  • ការប្រកាច់៖ មានអាការៈប្រកាច់ ឬបាត់បង់ស្មារតី។
  • តប់ប្រមល់ខ្លាំង៖ មានគំនិតចង់ធ្វើបាបខ្លួនឯង ឬធ្វើបាបកូន។

២. សញ្ញាដែលត្រូវទាក់ទងទៅគ្រូពេទ្យសម្ភពជាបន្ទាន់

ប្រសិនបើក្រោយសម្រាលម៉ាក់មានសញ្ញាទាំងនេះ សូមកុំរង់ចាំដល់ថ្ងៃណាត់ជួបបន្ទាប់ ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាម៖

  • ការធ្លាក់ឈាមខ្លាំង៖ ឈាមធ្លាក់ជោកសំឡីអនាម័យក្នុងរយៈពេល ១ ម៉ោង ឬមានឈាមកកដុំៗធំ។
  • មុខរបួសមានបញ្ហា៖ មុខរបួសវះកាត់ ឬរបួសដេរនៅទ្វារមាស មានសភាពក្រហម ហើម មានខ្ទុះ ឬរហែកមុខរបួស។
  • ឈឺជើងខ្លាំង៖ មានអាការៈហើម ក្រហម និងឈឺខ្លាំងនៅកំភួនជើង ឬភ្លៅ (អាចជាសញ្ញានៃកំណកឈាមក្នុងសរសៃឈាម)។
  • គ្រុនក្តៅខ្លាំង៖ កម្តៅខ្លួនចាប់ពី ៣៨អង្សាសេឡើងទៅ។
  • ឈឺក្បាលខ្លាំង៖ ឈឺក្បាលខ្លាំងមិនបាត់ បើទោះជាញ៉ាំថ្នាំបំបាត់ការឈឺចាប់ហើយក៏ដោយ ឬមានអាការៈព្រិលភ្នែក។

៣. ការតាមដានសុខភាពផ្លូវចិត្ត (បាក់ទឹកចិត្តក្រោយសម្រាល)

ការមានអារម្មណ៍ស្រពេចស្រពិល ឬយំតិចតួចក្នុងរយៈពេល ២-៣ ថ្ងៃដំបូងជារឿងធម្មតា។ ប៉ុន្តែប្រសិនបើអាការៈទាំងនេះអូសបន្លាយលើសពី ២ សប្តាហ៍ វាអាចជាសញ្ញានៃជំងឺបាក់ទឹកចិត្តក្រោយសម្រាល។

  • មានអារម្មណ៍អស់សង្ឃឹម និងបាត់បង់ការសប្បាយចិត្ត។
  • មានអារម្មណ៍ថាខ្លួនឯងមិនមែនជាអ្នកម្តាយដ៏ល្អ។
  • គេងមិនលក់ (សូម្បីតែពេលកូនគេងលក់ក៏ដោយ)។

អ្វីដែលសមាជិកគ្រួសារគួរដឹង

អ្នកជុំវិញខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្កេតមើលអ្នកម្ដាយ។ ប្រសិនបើឃើញអ្នកម្ដាយមានអាការៈ ខុសប្លែកពីធម្មតា ឬ ហាក់ដូចជាមិនមែនជាខ្លួនឯង សូមលើកទឹកចិត្ត និងជួយបញ្ជូនគាត់ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលា។

ប្រភប៖ ACOG / CDC

អត្ថបទ៖ ចាន់ តារា