ក្រុមអាហារសំខាន់ៗទាំង ៤ ស្រ្តីត្រៀមពពោះចាំបាច់ត្រូវញ៉ាំ

  • 2025-12-24 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរៀបចំខ្លួនដើម្បីក្លាយជាអ្នកម្តាយ មិនមែនចាប់ផ្តើមនៅពេលអ្នកដឹងថាមានផ្ទៃពោះនោះទេ ប៉ុន្តែវាចាប់ផ្តើមតាំង​ពី​ដំណាក់កាល «ត្រៀមពពោះ»។ របបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ គឺជាការសាងសង់ «គ្រឹះ» ដ៏រឹងមាំសម្រាប់សុខភាពមាតា និងការវិវត្តរបស់ទារកតាំងពីថ្ងៃដំបូង។

ខាងក្រោមនេះគឺជាសារធាតុចិញ្ចឹមកំពូលទាំង ៤ ដែលអ្នកជំនាញសុខភាព និងស្ថាប័ន ACOG ណែនាំឱ្យយកចិត្តទុកដាក់បំផុត។

១. អាស៊ីតហ្វូលិក

អាស៊ីតហ្វូលិក គឺជាវីតាមីន B9 ដែលសំខាន់បំផុតក្នុងអំឡុងខែដំបូងនៃការបង្កកំណើត។

  • សារសំខាន់៖ ជួយការពារពិការភាពពីកំណើតដូចជាការមិនបិទជិតនៃឆ្អឹងខ្នង ឬបញ្ហាខួរក្បាលទារក។ ការញ៉ាំវាឱ្យបានគ្រប់គ្រាន់ ៣ ខែមុនមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យនេះបានរហូតដល់ ៧០%។
  • ប្រភពអាហារ៖ បន្លែពណ៌បៃតងចាស់ (ស្ពៃជើងទា ផ្កាខាត់ណាខៀវ សាឡាត់) សណ្តែកបាយ ផ្លែក្រូច គ្រាប់ធញ្ញជាតិ និងនំបុ័ងដែលបន្ថែមវីតាមីន។

២. ជាតិដែក

ជាតិដែកមានតួនាទីផលិតអេម៉ូក្លូប៊ីន ដែលជាអ្នកដឹកនាំអុកស៊ីហ្សែនទៅកាន់កោសិកាផ្សេងៗក្នុងរាងកាយ។

  • សារសំខាន់៖ ជួយបង្កើនគុណភាពគ្រាប់ឈាមក្រហម និងការពារភាពស្លេកស្លាំង។ នៅពេលអ្នកមានផ្ទៃពោះ រាងកាយត្រូវការឈាមច្រើនជាងមុនដើម្បីចិញ្ចឹមទារក។ ប្រសិនបើកង្វះជាតិដែក វាអាចនាំឱ្យមេជីវិតញីមិនមានគុណភាព និងប៉ះពាល់ដល់ការលូតលាស់របស់គភ៌។
  • ប្រភពអាហារ៖ សាច់ក្រហម (សាច់គោ) គ្រឿងក្នុងសត្វ (ថ្លើម ញ៉ាំក្នុងកម្រិតល្មម) ស៊ុត សណ្តែកក្រហម និងស្ពៃខ្មៅ។

៣. អាស៊ីតខ្លាញ់អូមេហ្គា ៣

អូមេហ្គា ៣ ជាពិសេសប្រភេទ DHA គឺជាខ្លាញ់ល្អដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន ហើយវាជួយដល់ការលូតលាស់ផ្នែកខួរក្បាល។

  • សារសំខាន់៖ ជួយដល់ការលូតលាស់ខួរក្បាល និងភ្នែករបស់ទារក។ សម្រាប់អ្នកម្តាយ វាជួយឱ្យអ័រម៉ូនមានតុល្យភាព និងកាត់បន្ថយការរលាកក្នុងរាងកាយ ដែលជួយឱ្យការបង្កកំណើតកាន់តែងាយស្រួល។
  • ប្រភពអាហារ៖ ត្រីដែលមានខ្លាញ់ច្រើន ដូចជាត្រី salmon ត្រីធូណា ត្រីស្បៃកា គ្រាប់ Walnut គ្រាប់ជី និងគ្រាប់ធញ្ញជាតិផ្សេងៗ។

៤. វីតាមីន D

វីតាមីន D ដើរតួនាទីដូចជាអរម៉ូននៅក្នុងរាងកាយ ដែលជួយដល់ការស្រូបយកជាតិកាល់ស្យូមជួយពង្រឹងឆ្អឹង និងប្រព័ន្ធការពារ។

  • សារសំខាន់៖ ការសិក្សាបង្ហាញថា កម្រិតវីតាមីន D គ្រប់គ្រាន់ក្នុងរាងកាយ ជួយបង្កើនឱកាសនៃការមានផ្ទៃពោះ និងជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ការពារការឆ្លងមេរោគផ្សេងៗក្នុងអំឡុងពេលពពោះ។
  • ប្រភពអាហារ៖ ពន្លឺព្រះអាទិត្យពេលព្រឹក (ល្អបំផុត) ត្រីសមុទ្រ ទឹកដោះគោបន្ថែមវីតាមីន និងផ្នែកលឿងនៃស៊ុត។

ទោះបីជាអាហារធម្មជាតិជារឿងល្អបំផុត ប៉ុន្តែសម្រាប់ អាស៊ីតហ្វូលិក អ្នកជំនាញមកពីស្ថាប័ន CDC និង Mayo Clinic ច្រើនតែណែនាំឱ្យស្រ្តីញ៉ាំថ្នាំវីតាមីនជំនួយបន្ថែម ព្រោះពេលខ្លះអាហារដែលយើងញ៉ាំប្រចាំថ្ងៃមិនអាចផ្តល់ជាតិហ្វូលិកបានគ្រប់គ្រាន់តាមតម្រូវការនោះទេ។

ប្រភព៖ ACOG / Mayo Clinic / CDC

អត្ថបទ៖ ចាន់ តារា