សញ្ញាទាំង៥ បង្ហាញថារាងកាយស្រ្តីកំពុងត្រៀមខ្លួនបង្កកំណើត
- 2025-12-24 06:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង៥ បង្ហាញថារាងកាយស្រ្តីកំពុងត្រៀមខ្លួនបង្កកំណើត
ចន្លោះមិនឃើញ
ការត្រៀមខ្លួនក្លាយជាអ្នកម្តាយ គឺជាដំណាក់កាលដ៏រំភើប និងពោរពេញដោយក្តីសង្ឃឹម។ ដើម្បីជួយឱ្យការចង់បានបុត្រឆាប់រហ័សដូចបំណង ការយល់ដឹងពី «វដ្តនៃការបង្កកំណើត» គឺជារឿងចាំបាច់បំផុត។
យោងតាមប្រភពព័ត៌មានសុខភាពល្បីឈ្មោះ The Bump និងការបញ្ជាក់ពីអ្នកជំនាញផ្នែកសម្ភព ខាងក្រោមនេះគឺជាសញ្ញាសំខាន់ៗចំនួន ៥ ដែលបង្ហាញថា រាងកាយរបស់ស្រីៗយើងកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្កកំណើត។
សញ្ញាទាំង៥ បញ្ជាក់ថាអ្នកកំពុងស្ថិតក្នុង «ថ្ងៃមាស» នៃការបង្កកំណើត
១. ការប្រែប្រួលនៃទឹករំអិលទ្វារមាស
នេះគឺជាសញ្ញាដែលច្បាស់ជាងគេបំផុត។ នៅពេលអ្នកជិតដល់ថ្ងៃជ្រុះមេជីវិតញី រាងកាយនឹងផលិតទឹករំអិលដែលមានលក្ខណៈ ថ្លា រអិល និងអន្លាយៗ ស្រដៀងនឹងផ្នែកសនៃស៊ុតមាន់ដែលមិនទាន់ចម្អិន។ វាមានតួនាទីជួយឱ្យមេជីវិតឈ្មោលអាចហែលទៅជួបមេជីវិតញីបានកាន់តែងាយស្រួល និងរស់បានយូរក្នុងស្បូន។
២. ការកើនឡើងនូវញាណក្លិន
ស្រ្តីជាច្រើនមានអារម្មណ៍ថា ញាណក្លិនរបស់ពួកគេប្រែជាវៃជាងមុនក្នុងអំឡុងពេលពាក់កណ្តាលនៃវដ្តរដូវ។ តាមការសិក្សា នេះគឺជាប្រតិកម្មតបតតាមបែបធម្មជាតិរបស់រាងកាយ ដើម្បីទាក់ទាញទៅរកក្លិនអរម៉ូនបុរសក្នុងអំឡុងពេលដែលអ្នកងាយបង្កកំណើតបំផុត។
៣. ការឈឺតឹងសុដន់
បន្ទាប់ពីការជ្រុះមេជីវិត កម្រិតអរម៉ូនប្រូជេស្តេរ៉ូន (Progesterone) ក្នុងរាងកាយនឹងកើនឡើង។ ការប្រែប្រួលនេះអាចធ្វើឱ្យស្រ្តីមានអារម្មណ៍ថាសុដន់របស់របស់ខ្លួនឡើងតឹង ឬឈឺតិចៗ។សញ្ញានេះស្រដៀងទៅនឹងការឈឺដោះមុនពេលមករដូវដែរ ប៉ុន្តែវាកើតឡើងក្នុងអំឡុងពេលធ្លាក់មេជីវិត។
៤. ការឈឺចុកចាប់នៅអាងត្រគាក
ស្រ្តីប្រហែល ២០% អាចមានអារម្មណ៍ឈឺចុកមួយចំហៀងនៅពោះផ្នែកខាងក្រោម ដែលគេហៅថា Mittelschmerz។ ការឈឺចាប់នេះកើតឡើងនៅពេលដែលអូវែបញ្ចេញមេជីវិតញី។ វាអាចជាការឈឺឆៀបៗ ឬចុកបាត់ៗដែលជាសញ្ញាប្រាប់ថា «នេះជាពេលល្អបំផុត»ក្នុងការបង្កកំណើត។
៥. ការធ្លាក់ឈាមតិចតួច
ការធ្លាក់ឈាមពណ៌ត្នោត ឬផ្កាឈូកតិចតួចបំផុតក្នុងអំឡុងពេលកណ្តាលនៃវដ្តរដូវ អាចជារឿងធម្មតា។ វាអាចបណ្តាលមកពីការប្រែប្រួលអរម៉ូនភ្លាមៗនៅពេលដែលមេជីវិតញីធ្លាក់ចេញពីថង់អូវែ។
យោងតាម មហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិក (ACOG) បានបញ្ជាក់ថា ការតាមដានសញ្ញាទាំងនេះ រួមជាមួយការប្រើប្រាស់ឧបករណ៍តេស្តការជ្រុះមេជីវិត អាចជួយបង្កើនឱកាសនៃការមានផ្ទៃពោះបានខ្ពស់។ គ្រូពេទ្យជំនាញក៏បានណែនាំផងដែរថា ការរួមភេទនៅ ២ ទៅ ៣ ថ្ងៃមុនពេលធ្លាក់មេជីវិត និងថ្ងៃធ្លាក់មេជីវិតផ្ទាល់ គឺជាពេលវេលាដែលមានប្រសិទ្ធភាពបំផុត។
ចំណាំ៖ ប្រសិនបើយើងបានព្យាយាមលើសពី១ឆ្នាំ ឬ ៦ ខែសម្រាប់ស្រ្តីអាយុលើស ៣៥ ឆ្នាំ ហើយនៅតែមិនទាន់មានដំណឹងល្អ យើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្នែកសម្ភព ដើម្បីពិនិត្យសុខភាពបន្ត។
ប្រភព៖ The Bump / Cleveland Clinic / ACOG