គន្លឹះជួយអ្នកជំងឺទឹកនោមផ្អែមការពារតម្រងនោមឲ្យមានសុខភាពល្អ
- 2025-12-23 01:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះជួយអ្នកជំងឺទឹកនោមផ្អែមការពារតម្រងនោមឲ្យមានសុខភាពល្អ
ចន្លោះមិនឃើញ
ជំងឺតម្រងនោម ជាផលវិបាកទូទៅមួយអាចកើតលើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ ជំងឺតម្រងនោមកើតចេញពីផលវិបាករបស់ជំងឺទឹកនោមផ្អែម ហើយអ្នកជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោមបីនាក់នៅសហរដ្ឋអាមេរិកកើតមានបញ្ហានេះ។
ជំងឺតម្រងនោមនាំឲ្យប៉ះពាល់ដល់ដំណើរការប្រក្រតីក្នុងការកម្ចាត់ជាតិពុល និងជាតិទឹកដែលលើសចេញពីរាងកាយ។ វិធីល្អក្នុងការការពារខ្លួនពីបញ្ហាតម្រងនោមនេះ អ្នកជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងសម្ពាធឈាម កម្រិតជាតិស្ករឲ្យបានល្អតាមការណែនាំ និងមានបែបបទរស់នៅល្អ។
វិធីការពារជំងឺតម្រងនោមលើអ្នកជំងឺទឹកនោមផ្អែម
ជួបគ្រូពេទ្យតាមការណាត់៖ ជួបគ្រូពេទ្យតាមណាត់មានសារសំខាន់ណាស់ក្នុងការតាមដាន និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវតាមគោលដៅ។ គ្រូពេទ្យក៏អាចវាយតម្លៃ និងពិនិត្យថាអ្នកជំងឺទឹកនោមផ្អែមប្រឈមជំងឺតម្រងនោម ឬផលវិបាកផ្សេងៗឬអត់។ ការណាត់ជួបជាមួយគ្រូពេទ្យអាចធ្វើឡើងប្រចាំឆ្នាំ ឬញឹកញាប់ជាងនេះអាស្រ័យលើស្ថានភាពអ្នកមានជំងឺទឹកនោមផ្អែមផ្ទាល់។
ព្យាបាលជំងឺទឹកនោមផ្អែម៖ ការព្យាបាលជំងឺទឹកនោមផ្អែមបានត្រឹមត្រូវ ជួយអ្នកជំងឺគ្រប់គ្រងកម្រិតជាតិស្ករបានល្អត្រឹមត្រូវតាមគោលដៅ។ ការណ៍នេះអាចជួយអ្នកជំងឺការពារ ឬពន្យឺតល្បឿននៃការវិវត្តទៅជាបញ្ហាតម្រងនោម។
គ្រប់គ្រងសម្ពាធឈាម៖ អ្នកមានជំងឺទឹកនោមផ្អែមដែលមានជំងឺលើសសម្ពាធឈាមដែរនោះ ត្រូវព្យាយាមគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អដូចគ្នា។ ការឡើងសម្ពាធឈាមខ្ពស់ក៏ជាហានិភ័យនាំឲ្យមានជំងឺតម្រងនោមដែរ។ ប្រឹក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានច្បាស់លាស់ពីការគ្រប់គ្រងសម្ពាធឈាម។ គ្រប់គ្រងទម្ងន់ឲ្យបានល្អ៖ អ្នកមានជំងឺទឹកនោមផ្អែមត្រូវបន្តរក្សាទម្ងន់ខ្លួនឲ្យនៅកម្រិតសុខភាពល្អ ហើយបើសិនជាលើសទម្ងន់ត្រូវសម្រកទម្ងន់។ ដើម្បីសម្រកទម្ងន់មកនៅកម្រិតសុខភាព អ្នកជំងឺត្រូវប្រឹក្សាជាមួយគ្រូពេទ្យពីវិធីសមស្របសម្រាប់ខ្លួន។
កុំជក់បារី៖ ការជក់បារីអាចបំផ្លាញតម្រងនោម ឬធ្វើឲ្យតម្រងនោមខូចខាតកាត់តែធ្ងន់ធ្ងរ។ បើសិនជាអ្នកជំងឺជាអ្នកជក់បារី គួរប្រឹក្សាជាមួយគ្រូពេទ្យពីវិធីផ្ដាច់បារី។ ការឈប់ជក់បារីមានផលល្អទាំងសុខភាពទូទៅ និងសុខភាពតម្រងនោម។
ប្រភព៖ National Kidney Foundation