ហានិភ័យនៅពីក្រោយការ​សប្បាយនឹងគ្រឿងស្រវឹងអ្នកទទួលទានមិនសូវគិត​ដល់​

  • 2025-12-16 02:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ គឺជាបញ្ហាសុខភាពសាធារណៈសំខាន់មួយនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ។ វាមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឲ្យមានការខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ ក្នុងចំណោមផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺការខូចខាតខួរក្បាល និងប្រព័ន្ធប្រសាទ។

ផលប៉ះពាល់ទៅលើកោសិកាខួរក្បាល

នៅពេលយើងទទួលទានគ្រឿងស្រវឹង ជាតិអាល់កុលអាចចូលទៅប៉ះពាល់ដោយផ្ទាល់លើកោសិកាខួរក្បាល។ ទោះបីជាវាធ្វើឲ្យមានអារម្មណ៍ល្ហែល្ហើយបណ្ដោះអាសន្នក៏ដោយ ប៉ុន្តែវាបណ្ដាលឲ្យដំណើរការខួរក្បាលយឺតជាងធម្មតា។ ផលវិបាកភ្លាមៗអាចរួមមាន ស្រវាំងភ្នែក និយាយត្រដិត ដើរទ្រេតទ្រោត ខ្វះការគ្រប់គ្រងខ្លួនឯង និងអាចបាត់បង់ស្មារតី។ ប្រសិនបើទទួលទានជាប្រចាំ វានឹងធ្វើឲ្យមុខងារខួរក្បាលអន់ថយ បណ្ដាលឲ្យភ្លេចភ្លាំង និងវង្វេងស្មារតី។

ផលប៉ះពាល់បង្កជាជំងឺប្រព័ន្ធប្រសាទ

ការសិក្សាបង្ហាញថា ប្រហែល ៧០% នៃអ្នកផឹកស្រាជាប្រចាំ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺប្រព័ន្ធប្រសាទធ្ងន់ធ្ងរ។ ជំងឺទាំងនេះរួមមាន គ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង ស្វិតទំហំខួរក្បាល និងការរំខានដល់សុខភាពផ្លូវចិត្ត។ លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងក៏ធ្វើឲ្យថយចុះប្រសិទ្ធភាពការងារ សមត្ថភាពសម្របសម្រួល ការសម្រេចចិត្ត និងការគ្រប់គ្រងអារម្មណ៍។ វាក៏អាចប៉ះពាល់ដល់ដំណើរការមេតាបូលិករបស់កោសិកាប្រព័ន្ធប្រសាទ បង្កហានិភ័យជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលពីការដួលប៉ះទង្គិចផងដែរ។

ចំពោះការព្យាបាល និងការពារ ជំហានសំខាន់បំផុតគឺការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងទាំងស្រុង ដើម្បីទប់ស្កាត់ការវិវត្តនៃការខូចខាតខួរក្បាល។ អ្នកដែលមានបញ្ហាគួរជួបគ្រូពេទ្យជំនាញ ដើម្បីទទួលបានការប្រឹក្សាយោបល់ ការណែនាំពីវិធីបញ្ឈប់ការផឹកស្រា និងការព្យាបាលដោយឱសថ ប្រសិនបើចាំបាច់។ ការជៀសវាងគ្រឿងស្រវឹង គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារខ្លួនពីពិការភាព និងការចុះខ្សោយនៃបញ្ញាស្មារតី ព្រមទាំងជួយរក្សាសុខភាពខួរក្បាលឲ្យបានល្អរយៈពេលវែង៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទ៖ សែន តុលា