ចំនួនក្រុមហ៊ុនចុះបញ្ជីមូលបត្រកើនឡើងបង្ហាញពីទីផ្សារមូលធនកម្ពុជាមានស្ថិរភាពនិងមានសក្តានុពល
- 2025-12-10 07:52:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនក្រុមហ៊ុនចុះបញ្ជីមូលបត្រកើនឡើងបង្ហាញពីទីផ្សារមូលធនកម្ពុជាមានស្ថិរភាពនិងមានសក្តានុពល
ចន្លោះមិនឃើញ
ក្រុមហ៊ុនពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ជាក្រុមហ៊ុនជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនាទ្រព្យដ៏ធំមួយនៅកម្ពុជាបានចុះបញ្ជីជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា។
ពិធីចុះបញ្ជីនេះធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ព្រមជាមួយមន្ត្រីមកពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ភ្ញៀវកិត្តិយសមកពីក្នុងស្រុក និងក្រៅស្រុក ដៃគូសហការ និងតំណាងសារព័ត៌មានជាច្រើនអញ្ជើញមកចូលរួម។
ក្រុមហ៊ុនពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក. គឺជាក្រុមហ៊ុនចុះបញ្ជីដំបូងគេនៅឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី១២ ដែលបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។ ការចុះបញ្ជីននេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍន៍របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលានៃការចាប់ផ្តើមនៃទីផ្សារមូលធនរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកអន្តរជាតិភាវូបនីយកម្មផងដែរ។ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ជាក្រុមហ៊ុនហ៊ុនអភវិឌ្ឍន៍ផ្នែកអចលនទ្រព្យផ្ដោតលើខុនដូបែបទំនើប និងប្រណិត ដែលបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៦។
លោក តឹង ចិនយៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក.មានប្រសាសន៍ក្នុងពិធីនោះថា ទោះជាក្នុងបរិបទកូវីដ-១៩ ក្ដីក្រុមហ៊ុនមិនបានបញ្ឈប់ការសាងសង់របស់ខ្លួននោះទេ ហើយបានបន្តសាងសង់អគារចប់តាមផែនការទៀតផង។ លោកបន្តថាការសម្រេចបាននេះមិនមែនកើតចេញពីសំណាងនោះទេ តែវាជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងមិនគិតពីភាពនឿយហត់ និងការប្ដេជ្ញាចិត្តលើគុណភាពសំណង់ជាចម្បង។
លោកបន្តថា៖ «យើងមិនចុះបញ្ជីត្រឹមតែដើម្បីចុះបញ្ជីនោះទេ។ យើងមានគោលបំណងក្លាយជាក្រុមហ៊ុនដែលមានតម្លៃគួរកាន់កាប់ក្នុងរយៈពេលវែង។ ឈរនៅទីនេះថ្ងៃនេះ អារម្មណ៍ របស់ខ្ញុំគឺការដឹងគុណ និងការទទួលខុសត្រូវ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលបានជួយខ្ញុំ ហើយខ្ញុំក៏ដឹងថាការទះដៃអបអរសាទរនៅថ្ងៃនេះរំឭកយើងឲ្យខិតខំធ្វើការកាន់តែខ្លាំង»។
ឯកឧត្តម ហុង សុហួរ បានថ្លែងថាផ្សារមូលបត្រកម្ពុជា កំពុងលើកកម្ពស់ការចូលរួមរបស់សាធារណជនយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្រតាមរយៈការអប់រំវិនិយោគិន និងលើកទឹកចិត្តសហគ្រាសឲ្យរៀបចំផែនការចុះបញ្ជីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៦ (រួមទាំងអ្នកចេញមូលបត្រចំនួន១៤) ដោយបានប្រមូលទុនជាទឹកប្រាក់សរុបចំនួន៦៦៥ លានដុល្លារអាមេរិកពីទីផ្សារមូលបត្រ។ ការចុះបញ្ជីដោយជោគជ័យរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុនម៉ិន ម.ក. បង្ហាញថាទីផ្សារមូលធនរបស់ប្រទេសកម្ពុជាមានស្ថិរភាព និងមានសក្តានុពលកំណើនខ្លាំង។
ចំណែកឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ដែរថា វត្តមានក្រុមហ៊ុនចុះបញ្ជីបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ នេះ រួមទាំងក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក. ផង បានបង្ហាញពីវឌ្ឍនភាពទីផ្សារមួលបត្រ ក៏ដូចជាការចូលរួមចំណែកគាំទ្រទៅដល់ក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកដែលអាចឲ្យក្រុមហ៊ុនហ៊ុនព្យាករណ៍ទុនក្នុងរយៈពេលវែង។ ឯឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាកម្លាំងចលករសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារដល់ប្រជាពលរដ្ឋ។ ហេតុនេះ រដ្ឋាភិបាលបានដាក់ចេញនូវសកម្មភាពគាំទ្រជាច្រើនដូចជាការសម្រួលលើលិខិតច្បាប់ និងបទដ្ឋាននានា។