ហេតុអ្វីស្រ្តីមួយចំនួនជួបបញ្ហាកូនក្នុងផ្ទៃមិនលូតលាស់?

  • 2025-12-03 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចង់បានកូនដែលមានសុខភាពល្អគឺជាក្តីប្រាថ្នាដ៏ធំបំផុតរបស់គូស្វាមីភរិយាគ្រប់រូប។ ការយល់ដឹងអំពីបញ្ហា "កូនក្នុងផ្ទៃមិនលូតលាស់" គឺជាចំណេះដឹងដ៏សំខាន់សម្រាប់ត្រៀមខ្លួនមុន និងអំឡុងពេលមានគភ៌។

អត្ថបទអប់រំសុខភាពនេះ នឹងបកស្រាយអំពីមូលហេតុចម្បងៗ និងដំណោះស្រាយបឋម ដោយផ្អែកលើការណែនាំពីវេជ្ជបណ្ឌិតជំនាញ ដើម្បីឱ្យបងប្អូនមានមូលដ្ឋានគ្រឹះក្នុងការពិភាក្សាជាមួយគ្រូពេទ្យ។

មូលហេតុចម្បងដែលកូនក្នុងផ្ទៃមិនលូតលាស់ ឬរលូត

ការដែលទារកក្នុងផ្ទៃមិនអាចលូតលាស់បន្តបាន អាចមានកត្តាស្មុគស្មាញជាច្រើន។ ខាងក្រោមនេះជាមូលហេតុសំខាន់ៗដែលត្រូវការការតាមដាននិងព្យាបាល។

១. បញ្ហាឆ្លងរោគនៅតំបន់ប្រដាប់បន្តពូជ

ការឆ្លងរោគនៅតំបន់ទ្វារមាស ឬមាត់ស្បូន ដូចជាការរលាកមាត់ស្បូន ឬធ្លាក់សរ៉ាំរ៉ៃ អាចបង្កឱ្យមានបរិយាកាសមិនល្អសម្រាប់​គភ៌​។ មេរោគទាំងនេះអាចរាលដាល និងប៉ះពាល់ដល់ការ ការលូតលាស់ដំបូងនៃគភ៌ ដែលអាចនាំឱ្យរលូត ឬគភ៌មិនលូតលាស់។ ដើម្បីដោះស្រាយបញ្ហានេះបងប្អូនត្រូវទៅពិនិត្យ និងព្យាបាលបញ្ហាធ្លាក់ស ឬការរលាកឱ្យបានជាសះស្បើយមុនពេលចាប់ផ្ដើមយកកូន ។​

២. ភាពខ្សោយនៃអ័រម៉ូន Progesterone

អ័រម៉ូន Progesterone គឺជាអ្វី? អ័រម៉ូននេះត្រូវបានគេស្គាល់ថាជា "អ័រម៉ូនរក្សាគភ៌"។ តួនាទីសំខាន់របស់វាគឺជួយឱ្យស្រទាប់ស្បូនក្លាយជាស្រទាប់ក្រាស់ និងរឹងមាំ ដើម្បីឱ្យស៊ុតដែលបង្កកំណើតអាចមកតោងជាប់ (Implantation) បានល្អ និងជួយទ្រទ្រង់ការលូតលាស់ដំបូងរបស់គភ៌។ ស្ត្រីមួយចំនួនអាចមានភាពខ្សោយអ័រម៉ូននេះពីកំណើត ឬអាចខ្សោយបន្ទាប់ពីមានការឡើងទម្ងន់ខ្លាំង។ នៅពេលអ័រម៉ូននេះខ្សោយ ស្រទាប់ស្បូនអាចស្តើងមិនរឹងមាំដែលធ្វើឱ្យគភ៌មិនអាចទុំជាប់បានល្អ ឬមិនលូតលាស់ជាបន្តបន្ទាប់។​

៣. បញ្ហាគុណភាពពងញី (ស៊ុត)

ស្ត្រីដែលធ្លាប់មានកូនធម្មតាពីមុន ប៉ុន្តែនៅពេលព្យាយាមយកកូនម្តងទៀតបែរជាជួបបញ្ហាកូនមិនលូតលាស់ ឬមានការធ្លាក់ឈាមវិញ។ នេះអាចជាសញ្ញាបង្ហាញថាគុណភាពនៃពងញី មានបញ្ហា។ ដំណោះស្រាយបឋមលើរឿងនេះ គឺទទួលការវាយតម្លៃត្រឹមត្រូវ និងពិនិត្យតាមដានគុណភាពពងញីនៅមន្ទីរពេទ្យដោយវេជ្ជបណ្ឌិតជំនាញ។

៤. បញ្ហាដែលបង្កពីតំណពូជ

ចំពោះស្ត្រីដែលមានប្រវត្តិគ្រួសារធ្លាប់មានបញ្ហាកូនមិនលូតលាស់ ឬរលូតកូនញឹកញាប់ វាអាចទាក់ទងនឹងលក្ខណៈ ហ្សែន។ ភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬហ្សែន គឺជាមូលហេតុចម្បងមួយនៃការរលូតកូនដំបូងបំផុត (ក្នុងរយៈពេលប៉ុន្មានខែដំបូង)។សម្រាប់ករណីនេះ ការពិគ្រោះ និងធ្វើតេស្តជាមួយអ្នកជំនាញផ្នែកហ្សែន និងសម្ភពគឺជារឿងចាំបាច់។

ពិនិត្យដោយ៖ អ្នកស្រីវេជ្ជ. ប៉ុម សុថារី

អត្ថបទ៖ សែន តុលា