បញ្ហាគីសទឹកដៃស្បូនប៉ះពាល់លទ្ធភាពមានផ្ទៃពោះអត់?
- 2025-12-02 02:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាគីសទឹកដៃស្បូនប៉ះពាល់លទ្ធភាពមានផ្ទៃពោះអត់?
ចន្លោះមិនឃើញ
សម្រាប់គូស្វាមីភរិយាដែលកំពុងមានកង្វល់លើបញ្ហាសុខភាពបន្តពូជការយល់ដឹងអំពីគីសទឹកដៃស្បូន (Ovarian Cysts) អាចជាមូលដ្ឋានគ្រឹះដ៏សំខាន់។
អត្ថបទនេះនឹងពន្យល់លម្អិតអំពីថាតើគីសទឹកដៃស្បូនអាចប៉ះពាល់ដល់ការមានកូនឬអត់ និងវិធីសាស្រ្តវេជ្ជសាស្ត្រដែលអ្នកជំនាញអាចប្រើដើម្បីបង្កើនលទ្ធភាពមានកូន។
១.តើគីសទឹកដៃស្បូនជាអ្វី?
គីសទឹកដៃស្បូន គឺជាថង់តូចៗដែលពោរពេញទៅដោយសារធាតុរាវ (ជាទូទៅជាទឹក) ដែលដុះនៅលើ ឬក្នុងដៃស្បូនរបស់ស្ត្រី។ គីសប្រភេទនេះកើតឡើងញឹកញាប់បំផុតនៅពេលដែល ក្រពេញពងញីដែលត្រូវរីកលូតលាស់ដើម្បីបញ្ចេញស៊ុតនោះមិនព្រមបែកនិងមិនបញ្ចេញស៊ុត។ បើតាមវេជ្ជបណ្ឌិតជំនាញបានឱ្យដឹងថា ទោះមានគីសទឹកដៃស្បូនក៏ស្រ្តីក្នុងវ័យបន្តពូជនៅតែអាចមានកូនបានដែរ។ លទ្ធភាពមានកូនអាស្រ័យលើគីសនោះស្ថិតនៅម្ខាង ឬសងខាងនៃដៃស្បូន និងប្រភេទនៃគីស។ បើមានបញ្ហានេះ គ្រូពេទ្យនឹងធ្វើការតាមដានជាមួយអ្នកជំងឺ។
២.វិធីសាស្រ្តវេជ្ជសាស្ត្រដើម្បីបង្កើនលទ្ធភាពមានកូន
គ្រូពេទ្យជំនាញនឹងធ្វើការតាមដានលម្អិតពីទីតាំង និងស្ថានភាពរបស់គីស មុននឹងសម្រេចចិត្តប្រើវិធីសាស្ត្រណាមួយ។ គីសអាចកើតមាននៅដៃស្បូនខាងស្តាំ ខាងឆ្វេង ឬទាំងសងខាង។
វិធីសាស្រ្តទី១៖ តាមដានមុខងាររបស់ដៃស្បូនម្ខាងទៀត (សម្រាប់ករណីមានគីសម្ខាង)។ នៅពេលគីសទឹកមានតែនៅដៃស្បូនម្ខាង (ឧទាហរណ៍៖ មានគីសនៅដៃស្បូនខាងស្តាំ) គ្រូពេទ្យនឹងផ្តោតលើការតាមដាន ដៃស្បូនម្ខាងទៀត ដែលនៅមានសុខភាពល្អ។ ដៃស្បូនទាំងសងខាងមានតួនាទីឆ្លាស់គ្នា។ ខែខ្លះដៃស្បូនខាងឆ្វេងអាចផ្តល់ស៊ុត ខែខ្លះទៀតដៃស្បូនខាងស្តាំ។ ដូច្នេះដរាបណាដៃស្បូនម្ខាងទៀតនៅដំណើរការធម្មតា លទ្ធភាពក្នុងការបញ្ចេញស៊ុត និងការមានកូននៅតែមាន។ គ្រូពេទ្យអាចនឹងណែនាំឱ្យតាមដានវដ្តរដូវ និងការបញ្ចេញស៊ុតនៅដៃស្បូនដែលមិនមានគីស។
វិធីសាស្ត្រទី ២៖ រង់ចាំគីសបែក ឬធ្វើអន្តរាគមន៍តាមវេជ្ជសាស្ត្រ។ គ្រូពេទ្យណែនាំស្រ្តីឱ្យមកពិនិត្យ និងធ្វើអេកូរៀងរាល់៣ខែម្តងដើម្បីតាមដានគីស។ គីសទឹកដែលកើតចេញពីក្រពេញពងញីភាគច្រើនអាចបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេល ២-៣ ខែ នៅពេលដែលវាបែក។
នៅពេលដែលគីសទឹកបែក ឬរលាយបាត់ទៅហើយ គ្រូពេទ្យអាចនឹងជួយភ្ញោចដល់ក្រពេញពងញីផ្សេងទៀត ដើម្បីឱ្យស៊ុតមានការលូតលាស់ល្អ និងបង្កើនឱកាសនៃការមានផ្ទៃពោះ។
ហេតុអ្វីមិនព្យាបាលគីសភ្លាមៗ? ការព្យាបាល ឬការវះកាត់គីសភ្លាមៗ អាចបណ្តាលឱ្យគីសទឹកនោះរីកកាន់តែធំឡើង។ ដូច្នេះ ការតាមដានដោយប្រុងប្រយ័ត្ន និងរង់ចាំការបាត់ដោយខ្លួនឯង គឺជាវិធីសាស្ត្រដែលពេញនិយមជាងមុន។ វត្តមាននៃគីសទឹកដៃស្បូន មិនមែនមានន័យថាយើងអស់សង្ឃឹមក្នុងការមានកូននោះទេ។ ការតាមដាន ពិនិត្យ និងព្យាបាលដោយគ្រូពេទ្យជំនាញនឹងជួយយើងឲ្យសម្រេចបំណងក្នុងការចង់បានកូន។
ពិនិត្យដោយ៖ អ្នកស្រីវេជ្ជ. ប៉ុម សុថារី