គួរបន្ត​ថ្នាក់​ឧត្តមសិក្សា​ឬជំនាញ​វិជ្ជាជីវៈ៖​ការស្វែង​រក​ផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​

នៅក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រែប្រួលនៃទីផ្សារពលកម្មកម្ពុជានាពេលបច្ចុប្បន្ន ការជ្រើសរើសផ្លូវសិក្សាបន្តរវាង «ការសិក្សានៅសាកលវិទ្យាល័យ» និង «ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» បានក្លាយជាប្រធានបទដ៏សំខាន់ដែលយុវជន និងអាណាព្យាបាលជាច្រើនកំពុងយកចិត្តទុកដាក់ពិចារណា។ ការផ្លាស់ប្តូរទស្សនទានសង្គម និងតម្រូវការជាក់ស្តែងរបស់សហគ្រាស បានធ្វើឱ្យការសិក្សាវិជ្ជាជីវៈទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយមិនចាញ់ថ្នាក់បរិញ្ញាបត្រ​ឡើយ។​

ជាច្រើនទសវត្សរ៍មកហើយដែលសង្គមតែងតែផ្តល់តម្លៃខ្ពស់លើសញ្ញាបត្រសាកលវិទ្យាល័យ។ ទោះជាយ៉ាងណា ការស្ទង់មតិពីវិស័យឯកជន និងអ្នកជំនាញផ្នែកធនធានមនុស្សបានបង្ហាញថា ទីផ្សារការងារកម្ពុជាបច្ចុប្បន្នកំពុងជួបប្រទះនូវ «គម្លាតជំនាញ»​ដោយក្រុមហ៊ុនជាច្រើនត្រូវការអ្នកបច្ចេកទេសដែលមានជំនាញច្បាស់លាស់ជាចាំបាច់ ខណៈដែលអ្នកបញ្ចប់បរិញ្ញាបត្រផ្នែករដ្ឋបាល ឬទ្រឹស្តីមួយចំនួនបែរជាជួបការលំបាកក្នុងការស្វែងរកការងារធ្វើទៅវិញ។

ដើម្បីជួយឱ្យយុវជនអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ អ្នកជំនាញបានបែងចែកចំណុចខុសគ្នាស្នូលរវាងជម្រើសទាំងពីរដូចខាងក្រោម៖

  • សាកលវិទ្យាល័យ – ការកសាងគ្រឹះទ្រឹស្តី និងការវិភាគ៖ ស័ក្តិសមសម្រាប់សិស្សដែលចូលចិត្តការស្រាវជ្រាវ ការគិតបែបវិភាគ និងមានគោលដៅប្រឡូកក្នុងអាជីពដែលទាមទារអាជ្ញាប័ណ្ណ ឬការគ្រប់គ្រងជាន់ខ្ពស់ ដូចជា គ្រូពេទ្យ អ្នកច្បាប់ ឬអ្នកស្រាវជ្រាវ។ វាទាមទាររយៈពេលសិក្សាពី ៤ ទៅ ៥ ឆ្នាំ និងការវិនិយោគថវិកាច្រើន។
  • ការបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) – ការអនុវត្តជាក់ស្តែង និងល្បឿននៃការចូលទីផ្សារការងារ៖ ផ្តោតលើការអនុវត្តផ្ទាល់​រយៈពេលខ្លី (ពី ៣ ខែ ដល់ ២ ឆ្នាំ) និងមានតម្លៃសិក្សាសមរម្យ។ ជម្រើសនេះជួយឱ្យយុវជនទទួលបានជំនាញពិតប្រាកដ និងអាចរកប្រាក់ចំណូលបានឆាប់រហ័ស ឆ្លើយតបភ្លាមៗទៅកាន់តម្រូវការរោងចក្រ ឧស្សាហកម្ម និងបច្ចេកវិទ្យា។

អ្នកជំនាញអប់រំបានគូសបញ្ជាក់ថា គ្មានផ្លូវណាមួយ «ល្អជាង ឬល្អ​ដាច់​» លើសផ្លូវណាមួយដាច់ខាតនោះទេ។ សាកលវិទ្យាល័យបង្កើតអ្នករៀបចំផែនការ និងអ្នកស្រាវជ្រាវ រីឯគ្រឹះស្ថានវិជ្ជាជីវៈបង្កើតអ្នកអនុវត្ត និងអ្នកបង្កើតផលិតផលជាក់ស្តែង។

ការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមិនមែនជាការជ្រើសរើសតាមទម្លាប់សង្គម ឬតាមការរំពឹងទុករបស់អ្នកដទៃនោះទេ ប៉ុន្តែជាការបង្កើតតុល្យភាពរវាងចំណង់ចំណូលចិត្ត លទ្ធភាពហិរញ្ញវត្ថុ និងតម្រូវការទីផ្សារការងារជាក់ស្តែង។ ការជ្រើសរើសផ្លូវដែលត្រូវនឹងខ្លួនឯង នឹងក្លាយជាដើមទុនដ៏រឹងមាំក្នុងការកសាងអាជីពដ៏ជោគជ័យ និងមានស្ថិរភាពនាពេលអនាគត៕

អត្ថបទ៖ សែន តុលា
ប្រភព៖ ក្រសួងការការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ