ប្តីប្រពន្ធដែលរស់នៅជាមួយគ្នាដោយគ្មានគោលដៅហិរញ្ញវត្ថុរួមគ្នា ក៏ប្រៀបដូចជាការជិះទូកកណ្តាលសមុទ្រដោយគ្មានត្រីវិស័យអីចឹង។ មិនថាអ្នករកលុយបានច្រើនប៉ុណ្ណានោះទេ បើអ្នកទាំងពីរមិនបានអង្គុយជជែកគ្នាពីគោលដៅនាពេលអនាគតទេនោះ ភាពចលាចលហិរញ្ញវត្ថុគឺជារឿងដែលចៀសមិនរួច។ ដូច្នេះ តើការកំណត់គោលដៅរួមគ្នាមានសារៈសំខាន់កម្រិតណា?

ស្ថាប័នប្រឹក្សាហិរញ្ញវត្ថុមួយចំនួនបានរកឃើញថា គូស្វាមីភរិយាដែលកំណត់គោលដៅហិរញ្ញវត្ថុជាមួយគ្នា គឺមានកម្រិតនៃភាពសុខដុមក្នុងជីវិតគូខ្ពស់ជាងអ្នកដែលទុកឱ្យរឿងលុយកាក់ជារឿងរបស់ម្នាក់ៗ។ អ្នកជំនាញខាងចិត្តវិទ្យាអាពាហ៍ពិពាហ៍ ក៏បានបន្ថែមដែរថា ការពិភាក្សាពីរឿងលុយ គឺជាការធ្វើតេស្តលើការទុកចិត្តគ្នា និងសមត្ថភាពក្នុងការសម្របសម្រួល។ នៅពេលអ្នក និងដៃគូយល់ព្រមលើគោលដៅតែមួយ វាមិនត្រឹមតែជួយឱ្យការសន្សំកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយជម្លោះដែលកើតចេញពីការយល់ឃើញខុសគ្នាផងដែរ។
ដូច្នេះ តើអ្នកគួរចាប់ផ្តើមដោយរបៀបណា? អ្នកជំនាញណែនាំឱ្យរៀបចំកិច្ចពិភាក្សាលើហិរញ្ញវត្ថុគ្រួសារ ឲ្យបានញឹកញាប់។ ក្នុងពេលជជែកគ្នា សូមកុំភ្លេចកំណត់គោលដៅធំៗឱ្យច្បាស់លាស់ ដូចជាការទិញផ្ទះ ការត្រៀមលុយសម្រាប់កូនរៀន ឬផែនការចូលនិវត្តន៍។ ការកំណត់គោលដៅត្រូវមានភាពជាក់ស្តែង និងមានពេលវេលាកំណត់ត្រឹមត្រូវ។ នៅពេលអ្នកឃើញគោលដៅរួមគ្នាមួយដែលអ្នកទាំងពីរប្រាថ្នាចង់បាន អ្នកនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការរួមគ្នាជម្នះរាល់ការលំបាក ដើម្បីឆ្ពោះទៅរកថ្ងៃនោះ។
ចូរចាំថា គោលដៅហិរញ្ញវត្ថុមិនមែនជារឿងនៃការប្រកួតប្រជែងនោះទេ ប៉ុន្តែវាគឺជាការសហការគ្នា។ នៅពេលដែលដៃគូទាំងពីរដើរទៅក្នុងទិសដៅតែមួយ នោះជីវិតគ្រួសាររបស់អ្នកនឹងកាន់តែរឹងមាំ និងពោរពេញដោយសន្តិភាព។ ចាប់ផ្តើមពិភាក្សានៅថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ស្រស់បំព្រងជាមួយគ្នារហូតតទៅ៕
ដោយ៖ ចាន់ តារា
ប្រភព៖ Broken Hill Bank


