ការដាក់ពាក្យស្នើសុំអាហារូបករណ៍ គឺជាដំណើរការនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដែលទាមទារឱ្យបេក្ខជនត្រៀមខ្លួនបានយ៉ាងល្អឥតខ្ចោះ។ ទោះបីជាមានបេក្ខជនជាច្រើនមានប្រវត្តិសិក្សា និងសមត្ថភាពល្អប្រសើរក៏ដោយ ប៉ុន្តែការមើលរំលងចំណុចតូចតាច ឬការប្រព្រឹត្តកំហុសឆ្គងបច្ចេកទេស អាចធ្វើឱ្យសំណុំឯកសារត្រូវបដិសេធភ្លាមៗ។

ខាងក្រោមនេះ ជាកំហុសឆ្គងធំៗ និងជារឿយៗដែលធ្វើឱ្យបេក្ខជនបាត់បង់ឱកាសទទួលបានអាហារូបករណ៍៖
១. ការមិនផ្ទៀងផ្ទាត់លក្ខខណ្ឌតម្រូវឱ្យបានច្បាស់លាស់
កំហុសឆ្គងដំបូងគេដែលកើតឡើងជាញឹកញាប់ គឺការដាក់ពាក្យទៅកាន់កម្មវិធីអាហារូបករណ៍ដោយមិនបានពិនិត្យលក្ខខណ្ឌឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជា អាយុ បទពិសោធន៍ការងារ ពិន្ទុភាសា (IELTS/TOEFL) ឬមធ្យមភាគពិន្ទុសិក្សា (GPA)។ នៅពេលដែលបេក្ខជនមិនបំពេញតាមលក្ខខណ្ឌកម្រិតទាបបំផុតរបស់កម្មវិធី សំណុំឯកសារនឹងត្រូវបដិសេធភ្លាមៗនៅវគ្គជម្រុះដំបូងដោយមិនទាន់ទាំងបានឆ្លងកាត់ការអានលិខិតគោលបំណង(Statement of Purpose)ផង។
២. ការសរសេរ លិខិតបង្ហាញបំណងទូទៅពេក ឬការលួចចម្លងស្នាដៃអ្នកដទៃ
លិខិតបង្ហាញបំណង (Statement of Purpose) គឺជាបេះដូងនៃសំណុំឯកសារអាហារូបករណ៍។ កំហុសធំពីរដែលតែងតែជួបប្រទះរួមមាន៖
- ការចម្លងគំរូពីអ៊ីនធឺណិត ឬប្រើប្រាស់ AI ទាំងស្រុង៖ គណៈកម្មការវាយតម្លៃមានបទពិសោធន៍ខ្ពស់ និងមានឧបករណ៍ត្រួតពិនិត្យការលួចចម្លងស្នាដៃអ្នកដទៃ (Plagiarism)។ សំណេរដែលគ្មានភាពស្មោះត្រង់ ឬដើរតាមគំរូរឹងស្តូក នឹងធ្វើឱ្យបេក្ខជនបាត់បង់ភាពជឿជាក់។
- ការសរសេរគ្មានទិសដៅច្បាស់លាស់៖ ការរៀបរាប់តែពីទុក្ខលំបាក ឬសមិទ្ធផលដោយមិនបានបញ្ជាក់អំពីគោលដៅបន្ត ហេតុអ្វីជ្រើសរើសមុខវិជ្ជានោះ និងរបៀបដែលចំណេះដឹងនឹងយកទៅប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាសង្គម។
៣. ការរៀបចំឯកសារប្រញាប់ប្រញាល់នៅជិតថ្ងៃឈប់ទទួលពាក្យ
ការទុកពេលរៀបចំឯកសារនៅពេលប្រញាប់ប្រញាល់ នាំឱ្យកើតមានកំហុសឆ្គងបច្ចេកទេសជាច្រើន ដូចជា បាត់បង់ឯកសារភ្ជាប់ ការបកប្រែឯកសារមិនទាន់ពេល ឬការបំពេញទម្រង់បែបបទខុស។ លើសពីនេះ ឯកសារដែលរៀបចំឡើងដោយប្រញាប់ប្រញាល់ តែងតែខ្វះភាពស៊ីជម្រៅ និងខ្វះការត្រួតពិនិត្យឡើងវិញ (Proofreading)។

៤. លិខិតណែនាំខ្វះទម្ងន់
បេក្ខជនមួយចំនួនជ្រើសរើសសាស្ត្រាចារ្យ ឬប្រធានស្ថាប័នដែលមានតំណែងខ្ពស់ ប៉ុន្តែមិនដែលបានធ្វើការជិតស្និទ្ធជាមួយខ្លួន។ លទ្ធផលគឺ លិខិតណែនាំនោះមានលក្ខណៈទូទៅពេក ហើយមិនអាចបញ្ជាក់ពីសមត្ថភាពពិត អត្តចរិត ឬសមិទ្ធផលជាក់ស្តែងរបស់បេក្ខជនបានឡើយ។ លិខិតណែនាំដែលមានតម្លៃ គឺចេញពីបុគ្គលដែលស្គាល់បេក្ខជនច្បាស់ និងអាចផ្តល់ឧទាហរណ៍ជាក់ស្តែងអំពីចំណុចខ្លាំងរបស់បេក្ខជន។
៥. ប្រវត្តិរូបសង្ខេបគ្មានរបៀបរៀបរយ និងខ្វះការផ្តោតលើសមិទ្ធផល
ការផ្ញើ CV ដែលមានទម្រង់មិនរៀបរយ ប្រើប្រាស់ពុម្ពអក្សរច្រើនប្រភេទ ឬរៀបរាប់តែភារកិច្ចការងារប្រចាំថ្ងៃ ដោយមិនបានបង្ហាញពី “សមិទ្ធផលជាក់ស្តែង” និងផលវិជ្ជមានដែលបង្កើតបាន គឺជាកំហុសមួយទៀត។ CV សម្រាប់អាហារូបករណ៍គួរតែច្បាស់លាស់ ត្រឹមត្រូវតាមស្តង់ដារ និងរំលេចជំនាញដែលពាក់ព័ន្ធនឹងមុខវិជ្ជាស្នើសុំ។
៦. ការមិនបានត្រៀមខ្លួនសម្រាប់វគ្គសម្ភាសន៍
ការឆ្លងផុតវគ្គសំណុំឯកសារ មិនទាន់ធានាជោគជ័យ ១០០% នោះទេ។ កំហុសក្នុងវគ្គសម្ភាសន៍ រួមមាន ការមិនបានសិក្សាពីព័ត៌មានរបស់ស្ថាប័ន ឬប្រទេសម្ចាស់អាហារូបករណ៍ ការឆ្លើយសំណួរមិនស្របទៅនឹងអ្វីដែលបានសរសេរក្នុង SOP និងការខ្វះទំនុកចិត្តក្នុងការបញ្ចេញមតិ។
ដើម្បីចៀសវាងកំហុសឆ្គងទាំងនេះ ការដាក់អាហារូបករណ៍គួរតែត្រូវចាត់ទុកជា គម្រោងរយៈពេលវែង ដោយចាប់ផ្តើមរៀបចំផែនការយ៉ាងហោចណាស់ ៦ ទៅ ១២ ខែមុនកាលបរិច្ឆេទឈប់ទទួលពាក្យ និងស្វែងរកការផ្តល់មតិត្រឡប់ពីអតីតជ័យលាភី ឬអ្នកជំនាញមុនពេលដាក់ពាក្យផ្លូវការ៕
អត្ថបទ៖ សែន តុលា
ប្រភព៖ IDP Education


