តើអ្វីជាអូទីហ្សឹម? អូទីហ្សឹម គឺជាការវិវត្តនៃភាពមិនប្រក្រតីប្លែកៗគ្នានៅក្នុងខួរក្បាល។ អ្នកមានបញ្ហាអូទីស្សឹមតែងតែជួបបញ្ហាទំនាក់ទំនងសង្គម ការឆ្លើយតបទៅនឹងអ្នកនៅជុំវិញខ្លួន និងច្រើនតែបង្ហាញនូវកាយវិការ ឬចំណាប់អារម្មណ៍ដដែល។ អ្នកមានបញ្ហាអូទីហ្សឹមក៏អាចមានភាពផ្សេងពីអ្នកដទៃលើការសិក្សារៀនសូត្រ ការលេង និងការធ្វើចលនាជាដើម។ អ្នកមិនមានបញ្ហាអូទីហ្សឹមពេលខ្លះក៏មានលក្ខណៈដូចគ្នានេះដែរ គ្រាន់តែថាសម្រាប់អ្នកមានបញ្ហាអូទីហ្សឹម បញ្ហាទាំងនេះនឹងធ្វើឲ្យគេជួបការលំបាកខ្លាំងក្នុងជីវិត។ យ៉ាងណា ការទទួលបានការថែទាំត្រឹមត្រូវ នឹងធ្វើឲ្យអ្នកមានបញ្ហានេះទទួលបានស្ថានភាពល្អប្រសើរឡើងវិញដែរ។
អូទីហ្សឹមអាចកើតឡើងដោយកត្តាហ្សែន និងបរិស្ថាន។ អ្នកមានបញ្ហាអូទីហ្សឹមមានទាំងភាពខ្លាំង និងកត្តាប្រឈម។ អ្នកមានអូទីហ្សឹមវិធីរៀន ការគិត និងការដោះស្រាយបញ្ហាក៏អាចមានកម្រិតជំនាញខ្ពស់ ហើយក៏អាចមានអ្នកខ្សោយពិបាកផងដែរ។ អ្នកមានអូទីហ្សឹមខ្លះត្រូវរស់នៅដោយមានការជួយពីអ្នកដទៃច្រើន ខណៈអ្នកខ្លះអាចត្រូវការជំនួយតិចតួច និងមានអ្នកខ្លះទៀតអាចរស់នៅដោយឯករាជ្យផងដែរ។

សញ្ញានៃអូទីហ្សឹមអាចលេចចេញនៅពេលក្មេងមានអាយុ២ ឬ៣ឆ្នាំ។ ក្មេងខ្លះអាចបង្ហាញសញ្ញាយូរជាងនេះ ឬខ្លះអាចលឿនជាងនេះ តែជាទូទៅគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យដឹងថាក្មេងមានអូទីហ្សឹមឬអត់នៅអាយុ១៨ខែ។ ការសិក្សាជាច្រើនបានបង្ហាញថាការជួយអន្តរាគមន៍លើក្មេងអូទីហ្សឹមបានកាន់តែលឿន លទ្ធផលដែលទទួលបានក៏កាន់តែល្អនៅពេលក្មេងមានវ័យកាន់តែធំ។
ក្មេងអូទីហ្សឹមនឹងទំនាក់ទំនងក្នុងសង្គម
ក្មេងមានអីទីហ្សឹមអាចមានបញ្ហាក្នុងការទាក់ទងជាមួយអ្នកដទៃ និងការបង្កើតទំនាក់ទំនងក្នុងសង្គម។ ខាងក្រោមនេះជាសញ្ញានៃបញ្ហាមួយចំនួននៃបញ្ហាទំនាក់ទំនងក្នុងសង្គមរបស់ក្មេងដែលមានអូទីហ្សឹម។
- ចៀសវាង ឬមិនមើលភ្នែកដៃគូសន្ទនា
- មិនឆ្លើយតបនឹងការហៅឈ្មោះនៅអាយុ៩ខែ
- មិនបង្ហាញអារម្មណ៍រំភើប ខឹង ឬសប្បាយនៅអាយុ៩ខែ
- មិនប្រើ ឬប្រើកាយវិការតិចតួចនៅវ័យ១២ខែ ដូចជាការមិនចេះលើកដៃលា
- មិនចាប់អារម្មណ៍លើរបស់ជុំវិញខ្លួន ឬមិនបង្ហាញថាខ្លួនចូលចិត្តរបស់ណាមួយនៅវ័យ១៥ខែ
- មិនចង្អុលទៅកាន់របស់ដែលខ្លួនចូលចិត្តនៅវ័យ១៨ខែ
- មិនមានអារម្មណ៍ដឹងពីការពិបាកចិត្ត ឬការឈឺចាប់របស់អ្នកដទៃនៅវ័យ២៤ខែ
- មិនចូលលេងជាមួយក្មេងដទៃនៅវ័យ៣៦ខែ
- មិនច្រៀង មិនរាំ ឬមិនសម្ដែងជាអ្វីមួយនៅវ័យ៦០ខែ
សញ្ញាលើអាកប្បកិរិយា
ក្មេងមានអូទីហ្សឹមអាចមានចំណាប់អារម្មណ៍ ឬកាយវិការខុសពីក្មេងដទៃ។ កាយវិការទាំងនោះអាចមានដូចជា៖
- និយាយតែពាក្យ ឬឃ្លាដដែលៗ
- លេងរបស់លេងក្នុងទម្រង់ដដែល
- ចូលចិត្តផ្ដោតលើតែផ្នែកណាមួយនៃវត្ថុ
- ងាយតូចចិត្តលើរឿងបន្តិចបន្តួច
- មានចំណាប់អារម្មណ៍ខ្លាំងលើអ្វីមួយ
- មានទម្លាប់ជាក់លាក់
- មានប្រតិកម្មខុសធម្មតាលើសំឡេង ក្លិន រសជាតិ ឬក៏តម្លៃ
យ៉ាងណាមិនមែនក្មេងមានអូទីហ្សឹមសុទ្ធតែមានគ្រប់នូវចំណុចដែលបានរៀបរាប់ខាងលើនេះទេ។ បើប៉ាម៉ាក់សង្ស័យថាកូនអាចមានបញ្ហាអូទីហ្សឹម គួរស្វែងរកជំនួយពីគ្រូពេទ្យ ។ គ្រូពេទ្យអាចវាយតម្លៃថាក្មេងមានអូទីហ្សឹមឬអត់ដោយផ្អែកលើប្រវត្តិនៃការលូតលាស់ និងអាកប្បកិរិយារបស់ក្មេងៗទាំងនោះ។
ប្រភព៖ CDC


