ប្រើទូរសព្ទច្រើនពេក​អាចធ្វើឱ្យឈឺកដៃ និងក តើគួរដោះស្រាយម៉េច?

ស្មាតហ្វូនបានក្លាយជាឧបករណ៍សំខាន់ក្នុងជីវិតប្រចាំថ្ងៃ មិនថាសម្រាប់ការងារ ការសិក្សា ឬការកម្សាន្តនោះទេ។ ប៉ុន្តែការកាន់ទូរសព្ទ រំកិលអេក្រង់ចុះឡើង និងវាយអក្សរជាបន្តបន្ទាប់ក្នុងរយៈពេលយូរ អាចបង្កឱ្យមានការឈឺចាប់នៅកដៃ ម្រាមដៃ និងក ដោយមនុស្សមួយចំនួនអាចមិនបានចាប់អារម្មណ៍ថា ទម្លាប់ប្រើទូរស័ព្ទរបស់ខ្លួនជាមូលហេតុ។

យោងតាមអត្ថបទរបស់ CNN ចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកសារព័ត៌មាន Antoinette Radford បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួន ដែលចាប់ផ្តើមពីការឈឺចាប់ស្រាលនៅកដៃខាងស្តាំ។ ដំបូង នាងគិតថាអាចបណ្តាលមកពីការហាត់ប្រាណ ឬលើករបស់ធ្ងន់ ប៉ុន្តែក្រោយមកការឈឺចាប់កើតឡើងម្តងទៀត ជាពិសេសពេលវាយអក្សរលើក្ដាចុចកុំព្យូទ័រ។ នាងបានចាប់ផ្តើមសង្ស័យថា ការប្រើប្រាស់ស្មាតហ្វូនច្រើនពេកអាចជាមូលហេតុ។

តើការប្រើទូរស័ព្ទអាចប៉ះពាល់ដល់កដៃ និងម្រាមដៃយ៉ាងដូចម្តេច?

យោងតាមអ្នកជំនាញផ្នែកវះកាត់ឆ្អឹងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Yale Medicine ការប្រើទូរស័ព្ទដោយធ្វើចលនាដដែលៗជាច្រើនពាន់ដងក្នុងមួយថ្ងៃ អាចបង្កើនសម្ពាធលើសរសៃពួរ សន្លាក់ និងសរសៃប្រសាទនៅដៃ និងកដៃ។

បញ្ហាសុខភាពសំខាន់ៗចំនួន៣ ដែលអាចពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទច្រើនពេក រួមមាន៖

១. បញ្ហាម្រាមដៃគាំង

ជំងឺនេះកើតឡើងនៅពេលសរសៃពួរដែលជួយឱ្យម្រាមដៃបត់ និងលាត្រង់ មានការរលាក។ អ្នកដែលមានបញ្ហានេះអាចមានអារម្មណ៍ថាម្រាមដៃជាប់នៅក្នុងទីតាំងណាមួយ ឬពិបាកតម្រង់ម្រាមដៃវិញ។

២. ការរលាកសរសៃពួរនៅជិតមេដៃ

បញ្ហានេះកើតឡើងនៅពេលសរសៃពួរពីរដែលស្ថិតនៅតាមបណ្តោយមេដៃ មានការហើម និងរលាក។ អ្នកជំងឺអាចមានការឈឺចាប់នៅគល់មេដៃ ជាពិសេសពេលកាន់ទូរសព្ទ បត់កដៃ ឬធ្វើចលនាមេដៃ។

៣. ជំងឺសរសៃប្រសាទកដៃ

បញ្ហានេះកើតឡើងនៅពេលសរសៃប្រសាទសំខាន់មួយដែលឆ្លងកាត់កដៃត្រូវបានសង្កត់។ វាអាចបណ្តាលឱ្យមានអារម្មណ៍ស្ពឹក ចុក ឬឈឺនៅដៃ និងម្រាមដៃ។

ក្រៅពីនេះ ក៏មានបាតុភូតមួយហៅថា «Smartphone Pinky» ដែលសំដៅលើស្នាមជ្រួញ ឬស្នាមសង្កត់បណ្តោះអាសន្ននៅម្រាមកូនដៃ ដោយសារការទ្រទម្ងន់ទូរសព្ទនៅលើម្រាមដៃនោះជាញឹកញាប់។

មិនត្រឹមតែកដៃទេ ក៏អាចប៉ះពាល់ដល់កផងដែរ

ការប្រើប្រាស់ស្មាតហ្វូនដោយឱនក្បាលសម្លឹងមើលអេក្រង់ជាបន្តបន្ទាប់ អាចបង្កឱ្យមានបញ្ហាដែលគេហៅថា «Tech Neck» ឬការឈឺចាប់នៅតំបន់កដោយសារការប្រើបច្ចេកវិទ្យា។

រោគសញ្ញាដែលអាចកើតមានរួមមាន៖

  • ឈឺនៅផ្នែកខាងក្រោយនៃក។
  • តឹង ឬចុកនៅសាច់ដុំក និងស្មា។
  • ករឹង និងពិបាកបង្វិលក។
  • ឈឺក្បាល និងមានអារម្មណ៍អស់កម្លាំង។

អ្នកជំនាញផ្នែកព្យាបាលដោយចលនាបានពន្យល់ថា ការឱនក្បាលចុះក្រោមដើម្បីមើលទូរសព្ទ អាចបង្កើនបន្ទុកលើឆ្អឹង សន្លាក់ និងសាច់ដុំក។ ការស្រាវជ្រាវដែលអ្នកជំនាញបានលើកឡើងបង្ហាញថា នៅពេលក្បាលឱនចុះប្រហែល ៣០ដឺក្រេ បន្ទុកលើរចនាសម្ព័ន្ធកអាចកើនឡើងប្រហែល ៣ដង បើប្រៀបធៀបទៅនឹងឥរិយាបថក្បាលត្រង់។

តើធ្វើដូចម្តេចដើម្បីកាត់បន្ថយការឈឺចាប់ពីការប្រើទូរសព្ទ?

អ្នកជំនាញបានផ្តល់អនុសាសន៍មួយចំនួនដែលអាចអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយសម្ពាធលើកដៃ និងក៖

១. ប្តូរដៃកាន់ទូរសព្ទជាប្រចាំ

កុំប្រើដៃម្ខាងដដែលរយៈពេលយូរ។ គួរប្តូរទៅប្រើដៃម្ខាងទៀត ដើម្បីចែករំលែកបន្ទុក និងកាត់បន្ថយចលនាដដែលៗលើសន្លាក់ និងសរសៃពួរ។

២. លើកទូរសព្ទឱ្យខ្ពស់ជិតកម្រិតភ្នែក

ជៀសវាងការឱនក្បាលចុះក្រោមយូរៗ។ ការលើកទូរស័ព្ទឱ្យជិតកម្រិតភ្នែក អាចជួយកាត់បន្ថយសម្ពាធលើក និងស្មា។

៣. រៀបចំកន្លែងធ្វើការឱ្យបានត្រឹមត្រូវ

ប្រសិនបើប្រើកុំព្យូទ័រយួរដៃ គួរប្រើជើងទម្រដើម្បីលើកអេក្រង់ឱ្យស្ថិតនៅកម្រិតភ្នែក។ ការប្រើក្តារចុច និង ម៉ៅ (Mouse) ដាច់ដោយឡែក ក៏អាចជួយឱ្យដៃ និងកស្ថិតនៅក្នុងឥរិយាបថសមស្របជាងមុន។

៤. ធ្វើចលនា និងសម្រាកពីអេក្រង់

កុំកាន់ទូរសព្ទ ឬអង្គុយធ្វើការនៅទីតាំងដដែលរយៈពេលយូរ។ គួរសម្រាកជាប្រចាំ បន្ធូរដៃ និងក ព្រមទាំងធ្វើចលនាស្រាលៗ ដើម្បីកាត់បន្ថយភាពតានតឹងនៃសាច់ដុំ។

៥. ហាត់ប្រាណសាច់ដុំខ្នង

ការធ្វើលំហាត់ប្រាណទាញខ្សែយឺតអាចជួយធ្វើឱ្យសាច់ដុំខ្នងសកម្ម និងជួយរក្សាឥរិយាបថរាងកាយឱ្យត្រង់ ជាពិសេសសម្រាប់អ្នកដែលអង្គុយធ្វើការយូរ។

៦. ពង្រីកសាច់ដុំខ្នង និងស្មា

អាចភ្ជាប់ដៃទាំងពីរនៅខាងក្រោយខ្នង រួចទាញថ្នមៗ និងផ្អៀងខ្លួនទៅមុខបន្តិច ដើម្បីជួយពង្រីកសាច់ដុំខ្នងផ្នែកខាងលើ។ ត្រូវធ្វើដោយថ្នមៗ និងបញ្ឈប់ ប្រសិនបើមានការឈឺចាប់។

ស្មាតហ្វូនជាឧបករណ៍ដែលពិបាកខ្វះក្នុងជីវិតសម័យទំនើប ប៉ុន្តែការប្រើប្រាស់វាដោយមិនយកចិត្តទុកដាក់លើឥរិយាបថ និងការសម្រាក អាចបង្កើនសម្ពាធលើកដៃ ម្រាមដៃ និងក។ ដូច្នេះ ការប្តូរដៃកាន់ទូរសព្ទ ការរក្សាក្បាលឱ្យត្រង់ ការសម្រាកពីអេក្រង់ និងការធ្វើចលនាជាប្រចាំ គឺជាទម្លាប់សំខាន់ៗដែលអាចជួយកាត់បន្ថយហានិភ័យនៃការឈឺចាប់។

ប្រសិនបើមានការឈឺចាប់ ស្ពឹក ឬចុកនៅកដៃ និងម្រាមដៃជាបន្តបន្ទាប់ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការពិនិត្យ និងការព្យាបាលសមស្រប ជាជាងទុកឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ៕

ដោយ៖ ចាន់ តារា
ប្រភព៖ CNN

អត្ថបទពាក់ព័ន្ធ

អត្ថបទថ្មីៗ