ប្រវត្តិរដ្ឋអាឡាស្កា៖ ទឹក​ដីដ៏​ធំ​បំផុត​របស់​អាមេរិក​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​រុស្ស៊ី

តើអ្នកដឹងទេថា រដ្ឋអាឡាស្កា (Alaska) ដែលជារដ្ឋមានផ្ទៃដីធំជាងគេបំផុតរបស់សហរដ្ឋអាមេរិក ធ្លាប់ជាទឹកដីរបស់ចក្រភពរុស្ស៊ី មុនពេលត្រូវបានលក់ឱ្យសហរដ្ឋអាមេរិកក្នុងតម្លៃត្រឹមតែ ៧,២លានដុល្លារអាមេរិក កាលពីឆ្នាំ១៨៦៧?

នៅពេលនោះ អាឡាស្កាជាផ្នែកមួយនៃចក្រភពរុស្ស៊ី។ ប៉ុន្តែដោយសារទឹកដីនេះស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលអំណាចរបស់រុស្ស៊ី ការគ្រប់គ្រង ការថែរក្សា និងការការពារកាន់តែមានការលំបាក ព្រមទាំងត្រូវចំណាយថវិកាច្រើន។ ដូច្នេះ រុស្ស៊ីបានសម្រេចចិត្តលក់ទឹកដីនេះទៅឱ្យសហរដ្ឋអាមេរិក។

ការទិញលក់ត្រូវបានចុះកិច្ចព្រមព្រៀងជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨៦៧ ក្នុងតម្លៃ ៧,២លានដុល្លារអាមេរិក (​ប្រហែល​១៦៣​លានដុល្លារ​តម្លៃ​ប្រាក់​បច្ចុប្បន្ន​)។ បន្ទាប់មក ការផ្ទេរអធិបតេយ្យភាពលើទឹកដីនេះបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី១៨ ខែតុលា ឆ្នាំដដែល។

សម្រាប់សហរដ្ឋអាមេរិក ការទិញអាឡាស្កាគឺជាឱកាសដ៏សំខាន់ក្នុងការពង្រីកទឹកដី និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង។ នៅដំណាក់កាលដំបូង ការទិញនេះត្រូវបានមនុស្សមួយចំនួនរិះគន់ថាជាការចំណាយប្រាក់លើទឹកដីដ៏ឆ្ងាយ និងត្រជាក់ខ្លាំង។ ប៉ុន្តែក្រោយមក អាឡាស្កាបានបង្ហាញពីសារៈសំខាន់របស់ខ្លួនទាំងផ្នែកភូមិសាស្ត្រ និងធនធានធម្មជាតិ។

ពីទឹកដីរបស់រុស្ស៊ី ទៅជារដ្ឋទី៤៩ របស់អាមេរិក

អាឡាស្កាមានផ្ទៃដីប្រហែល ១,៧២លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជារដ្ឋធំបំផុតរបស់សហរដ្ឋអាមេរិក ដោយមានទំហំធំជាងរដ្ឋដទៃទៀតយ៉ាងខ្លាំង។

ក្រោយពីស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ អាឡាស្កាបានក្លាយជារដ្ឋទី៤៩ របស់ប្រទេសនេះជាផ្លូវការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៥៩។

បច្ចុប្បន្ន អាឡាស្កាត្រូវបានគេស្គាល់ដោយសារទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យ រួមមានផ្ទាំងទឹកកកដ៏ធំសម្បើម ជួរភ្នំខ្ពស់ៗ ព្រៃឈើលាតសន្ធឹងធំទូលាយ និងធនធានធម្មជាតិជាច្រើន។ ទឹកដីនេះក៏មានទីតាំងភូមិសាស្ត្រគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយស្ថិតនៅជិតប្រទេសរុស្ស៊ី និងត្រូវបានបំបែកពីគ្នាដោយច្រកសមុទ្រ ប៊ែរីង (Bering Strait) ដែលតភ្ជាប់តំបន់មហាសមុទ្រអាកទិក និងប៉ាស៊ីហ្វិក។

បើរុស្ស៊ីមិនបានលក់អាឡាស្កា តើទំហំប្រទេសនេះនឹងទៅជាយ៉ាងណា?

ចំណុចគួរឱ្យចាប់អារម្មណ៍មួយ គឺប្រសិនបើរុស្ស៊ីមិនបានលក់អាឡាស្កាទៅឱ្យសហរដ្ឋអាមេរិកទេ នោះទឹកដីអាឡាស្កា និងប្រជុំកោះអាលូស្យាន (Aleutian Islands) អាចនៅតែជាផ្នែកមួយនៃប្រទេសរុស្ស៊ីរហូតមកដល់សព្វថ្ងៃ។

ក្នុងសេណារីយ៉ូសន្មតនេះ រុស្ស៊ីនឹងមានផ្ទៃដីសរុបប្រហែល ១៨,៨លានគីឡូម៉ែត្រការ៉េ ដែលធំជាងទំហំបច្ចុប្បន្នប្រហែល ១,៧២លានគីឡូម៉ែត្រការ៉េបន្ថែមទៀត។

នោះមានន័យថា ទឹកដីរបស់រុស្ស៊ីនឹងលាតសន្ធឹងឆ្លងកាត់ទ្វីបចំនួន៣ គឺអឺរ៉ុប អាស៊ី និងអាមេរិកខាងជើង។ ទោះបីអាឡាស្កាត្រូវបានបំបែកពីទឹកដីសំខាន់របស់រុស្ស៊ីដោយច្រកសមុទ្រ ប៊ែរីង ក៏ដោយ ក៏វានៅតែជាផ្នែកមួយនៃប្រទេសតែមួយដែរ។

ប្រសិនបើសេណារីយ៉ូនេះក្លាយជាការពិត រុស្ស៊ីនឹងមានវត្តមានភូមិសាស្ត្រដ៏ធំទូលាយ ចាប់ពីអឺរ៉ុបខាងកើត ឆ្លងកាត់ភាគខាងជើងនៃអាស៊ី រហូតដល់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅអាមេរិកខាងជើង។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្មត់ផ្អែកលើប្រវត្តិសាស្ត្រប៉ុណ្ណោះ។ ការលក់អាឡាស្កាក្នុងឆ្នាំ១៨៦៧ នៅតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយ ដែលបានផ្លាស់ប្តូរព្រំដែន និងឥទ្ធិពលរបស់ប្រទេសទាំងពីរនៅតំបន់ប៉ាស៊ីហ្វិកខាងជើងរហូតមកដល់សព្វថ្ងៃ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Geography

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ