ប្រទេសជប៉ុនកំពុងអភិវឌ្ឍកម្មវិធីរៀនភាសាជប៉ុនមួយដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យអ្នកប្រើប្រាស់អាចហាត់សន្ទនាជាភាសាជប៉ុនជាមួយតួអង្គល្បីៗពីរឿងគំនូរជីវចល Anime និងរឿងតុក្កតា Manga។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Daily ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
គម្រោងនេះត្រូវបានអនុវត្តដោយមូលនិធិជប៉ុន តាមសំណើរបស់ក្រសួងការបរទេស។ កម្មវិធីនេះនឹងចាប់ផ្តើមអភិវឌ្ឍបន្ទាប់ពីទទួលបានការអនុម័តលើថវិកា ហើយគ្រោងនឹងរួចរាល់នៅឆ្នាំ២០២៨។

កម្មវិធីនេះមានគោលដៅសំខាន់លើយុវជននៅក្រៅប្រទេសដែលចាប់អារម្មណ៍លើ Anime និង Manga របស់ជប៉ុន។ តាមរយៈការសន្ទនាជាមួយតួអង្គដែលពួកគេចូលចិត្ត អ្នកប្រើប្រាស់អាចហាត់ប្រើភាសាជប៉ុនតាមរបៀបកម្សាន្ត និងមានភាពទាក់ទាញជាងការរៀនតាមសៀវភៅធម្មតា។
គម្រោងថ្មីនេះនឹងក្លាយជាកម្មវិធីដំបូងរបស់មូលនិធិដែលប្រើប្រាស់ AI និងចរចាជាមួយម្ចាស់សិទ្ធិ ដើម្បីអាចយកតួអង្គល្បីៗដែលមានស្រាប់មកប្រើប្រាស់បាន។
យោងតាមការស្ទង់មតិក្នុងឆ្នាំ២០២៤ វប្បធម៌ពេញនិយមរបស់ជប៉ុន ដូចជា Anime, Manga, តន្ត្រី J-pop និងម៉ូដសម្លៀកបំពាក់ J-fashion គឺជាមូលហេតុចម្បងដែលជំរុញឱ្យអ្នករៀនភាសាជប៉ុននៅក្រៅប្រទេសចំនួន ៦១,៣% សម្រេចចិត្តសិក្សាភាសានេះ។
ជាមួយគ្នានេះ ចំនួនអ្នករៀនភាសាជប៉ុននៅក្រៅប្រទេសបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺប្រមាណ ៤លាននាក់។
សម្រាប់ឆ្នាំ២០២៧ ក្រសួងការបរទេសជប៉ុនបានស្នើសុំថវិកាចំនួន ១,៨៣ពាន់លានយ៉េន ប្រហែល១០លានដុល្លារ) ដើម្បីពង្រីកការផ្សព្វផ្សាយមាតិកាជប៉ុនទៅកាន់ប្រទេសផ្សេងៗ។ ក្រសួងក៏រំពឹងថា កម្មវិធីថ្មីនេះនឹងអាចជួយអ្នកដែលចង់រៀនភាសាជប៉ុននៅតំបន់ដែលខ្វះគ្រូបង្រៀន ឬមិនមានឱកាសចូលរៀនភាសានេះតាមស្ថាប័នអប់រំរបស់ពួកគេផងដែរ។
គម្រោងនេះបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីភ្ជាប់ការកម្សាន្តជាមួយការអប់រំ និងជួយពង្រីកការរៀនភាសាជប៉ុនទៅកាន់យុវជននៅជុំវិញពិភពលោក៕
ដោយ៖ ចាន់ តារា
ប្រភព៖ Japan Daily

