ករណីជំងឺពងបែកដៃ ជើង និងមាត់ នៅលើកុមារ ច្រើនកើតលើកុមារដែលមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាលតាមគោលការណ៍សុខាភិបាល។ ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជា ញឹកញាប់គឺពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។
របៀបចម្លង៖
- ជំងឺពងបែក ដៃ ជើង និងមាត់ អាចឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការ ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែក ឬលាមកអ្នកជំងឺ។
- អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ។
- ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្ស ទៅសត្វឬពីសត្វមកមនុស្សឡើយ។
រោគសញ្ញា៖
- មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្ទួលលើបាតដៃ បាតជើង និងកំប៉ះគូទ។
- ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់អាចជាសះស្បើយ ក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ដីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ)។
- ជាកម្រ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញា ប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។
របៀបបង្ការ៖
- ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក
លាងដៃកុមារឱ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយអាល់កុល ជាពិសេសក្រោយ ប៉ះពងបែក ឬដំបៅ មុនពេល រៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬ កុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ។
- លាងសំអាតផ្ទៃនិងរបស់ ដែលប្រលាក់ ដោយទឹកនិងសាប៊ូ.
- ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប ឱប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា។ល។) ជាមួយ កុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់។
- ប្រើស្លាបព្រា និងចាន ដាច់ដោយឡែក សំរាប់កុមារម្នាក់ៗ
- សូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀនឬមណ្ឌលទារកដ្ឋាន។
- ឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញ ទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺ។
- ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ
- សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើងនិងមាត់។
គួរបញ្ជាក់ផងដែរ ក្នុងករណីដែលបងប្អូនមានអាការៈដូចខាងលើ ត្រូវប្រញាប់បន្ទាន់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។
ប្រភព៖ ក្រសួងសុខាភិបាល