រោគសញ្ញាជំងឺលៀនទ្រនាប់ឆ្អឹងចង្កេះគាបសរសៃវិញ្ញាណ
- 2025-11-24 00:51:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញាជំងឺលៀនទ្រនាប់ឆ្អឹងចង្កេះគាបសរសៃវិញ្ញាណ
ចន្លោះមិនឃើញ
ជំងឺលៀនទ្រនាប់ឆ្អឹងចង្កេះគាបសរសៃវិញ្ញាណជាបញ្ហាមួយដែលកើតច្រើនគេក្នុងចំណោមជំងឺឆ្អឹងកងខ្នង។ ក្រៅពីជំងឺជំងឺលៀនទ្រនាប់ឆ្អឹងចង្កេះ ជំងឺឆ្អឹងកងខ្នងមានដូចជាការរំកិលនៃឆ្អឹងកងចង្កេះ ការបាក់ឆ្អឹងកងខ្នង ជំងឺរបេងឆ្អឹងកងខ្នង និងជំងឺដុំសាច់នៅខួរឆ្អឹងខ្នង ជាដើម។
ការលៀនទ្រនាប់ឆ្អឹងកងចង្កេះគាបសរសៃវិញ្ញាណកើតឡើងនៅពេលមានការរហែកទ្រនាប់ឆ្អឹងកង ដែលនាំឲ្យមានការប៉ោងលៀន ឬក៏បែបធ្លាយនៃស្រទាប់កណ្ដាលនៃស្រទាប់ឆ្អឹងកង ហើយបំណែកនោះបានសង្កត់លើសរសៃវិញ្ញាណ។
បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មនុស្សគ្រប់គ្នាអាចមានហានិភ័យកើតជំងឺមួយនេះ។ ប៉ុន្តែមនុស្សមួយចំនួនអាចមានកត្តាហានិភ័យខ្ពស់ដែលអាចនាំឲ្យមានជំងឺលៀនទ្រនាប់ឆ្អឹងកងចង្កេះគាបសរសៃវិញ្ញាណ ដូចជាអ្នកមានវ័យចន្លោះពី៣៥ដល់៤៥ឆ្នាំ អ្នកធ្វើការងារធ្ងន់ អ្នកធាត់លើសទម្ងន់ អ្នកមានទម្លាប់អង្គុយធ្វើការយូរម៉ោងរាល់ថ្ងៃ មិនសូវហាត់ប្រាណ ឬអ្នកដែលហាត់ប្រាណមានសកម្មភាពខ្លាំងលើរាងកាយពេកពិសេសឆ្អឹងខ្នង និងអ្នកជក់បារីជាដើម។
រោគសញ្ញា
អ្នកកើតមានបញ្ហានេះអាចមានចេញរោគសញ្ញាមួយចំនួន។ រោគសញ្ញាទាំងនោះមានដូចជា ការឈឺចង្កេះហើយរាលដាលមកកំភួនជើង ប្រអប់ជើង ឬបាតជើង តែម្ខាង ឬទាំងសងខាង។ អ្វីទាំងនេះ គឺ ជារោគសញ្ញាដែលជួបញឹកញាប់លើអ្នកជំងឺដែលមានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ។ ការស្ពឹក និងពិបាកបន្ទោរបង់ ក៏ជារោគសញ្ញានៃបញ្ហានេះផងដែរ។
វិធីព្យាបាល
វិធីព្យាបាលបញ្ហានេះមានដូចជាការប្រើថ្នាំ ការចាក់ថ្នាំបំបាត់ការរលាក និងហើមនៃសរសៃវិញ្ញាណនៅនឹងចង្កេះ និងការព្យាបាលដោយចលនា ជាដើម។ មួយវិញទៀតការព្យាបាលដោយប្រើអង់ដូស្កុប ជាបច្ចេកទេសដែលប្រើប្រាស់នូវសម្ភារៈទំនើបៗ មានស្នាមរបួសតូចជាង១សង់ទីម៉ែត្រ មិនសូវមានការឈឺចាប់ក្រោយព្យាបាល មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ បើតាមមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ការព្យាបាលបែបនេះគឺជាបច្ចេកទេសទំនើបចុងក្រោយដែលបណ្ដាប្រទេសអភិវឌ្ឍន៍កំពុងអនុវត្តក្នុងការព្យាបាលអ្នកជំងឺ។