ការនិយាយទៅកាន់កុមារមិនមែនគ្រាន់តែជាការប្រាស្រ័យទាក់ទងធម្មតានោះទេ ប៉ុន្តែរាល់ពាក្យសម្ដីដែលឪពុកម្ដាយប្រើប្រាស់ គឺជាសារដែលអាចជំរុញដល់រចនាសម្ព័ន្ធខួរក្បាលរបស់របស់កុមារ។
១. ហេតុអ្វីបានជាពាក្យសម្ដីវិជ្ជមានមានសារៈសំខាន់ចំពោះខួរក្បាល?
យោងតាមការសិក្សារបស់បណ្ឌិត Andrew Newberg និង Mark Robert Waldman ដែលដកស្រង់ដោយគេហទំព័រ Roots of Action បានបង្ហាញថាពាក្យសម្ដីទាំងនោះជួយ៖
- ពង្រឹងការគិត៖ ការប្រើប្រាស់ពាក្យសម្ដីវិជ្ជមានតែមួយម៉ាត់ អាចជួយពង្រឹងមុខងារ ផ្នែកខាងមុខនៃខួរក្បាលដែលជាផ្នែកទទួលបន្ទុកការគិត ហេតុផល និងការដោះស្រាយបញ្ហា។
- កាត់បន្ថយការភ័យខ្លាច៖ ផ្ទុយទៅវិញ ពាក្យសម្ដីអវិជ្ជមាន ឬអសុរោះ នឹងទៅភ្ញោច ផ្នែកអាមីដាឡា (Amygdala) ដែលជាមជ្ឈមណ្ឌលការភ្ញោចនៃអារម្មណ៍។ នៅពេលផ្នែកនេះដំណើរការខ្លាំងពេក វានឹងរារាំងខួរក្បាលមិនឱ្យគិតអ្វីបានច្បាស់លាស់ឡើយ។
២. សារសំខាន់ៗនៃពាក្យសម្ដីវិជ្ជមាន
យោងតាម មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារនៃសាកលវិទ្យាល័យ Harvard ខួរក្បាលកុមារមានភាពបត់បែនខ្លាំង។ បទពិសោធដែលកុមារទទួលបានពីពាក្យសម្ដី នឹងបង្កើតជាបណ្ដាញប្រសាទនៅក្នុងខួរក្បាល៖
- ការលូតលាស់នៃខួរក្បាល៖ ការឆ្លើយតបទៅវិញទៅមកដោយក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូន ជួយបង្កើតបណ្ដាញតភ្ជាប់ប្រសាទកាន់តែរឹងមាំ។
- កាត់បន្ថយអ័រម៉ូនស្ត្រេស៖ ពាក្យលើកទឹកចិត្តជួយកាត់បន្ថយសារធាតុ កូទីសូល (Cortisol)។ បើកុមារស្ដាប់តែពាក្យស្ដីបន្ទោស កម្រិតកូទីសូលនឹងឡើងខ្ពស់ ដែលអាចបំផ្លាញកោសិកាខួរក្បាលដែលទាក់ទងនឹងការចងចាំ និងការរៀនសូត្រ។
- ផ្លាស់ប្តូរការយល់ឃើញលើខ្លួនឯង៖ កាលណាខួរក្បាលទទួលបានពាក្យវិជ្ជមានជាប្រចាំ វានឹងរៀបចំឱ្យកុមារក្លាយជាមនុស្សដែលមានសុទិដ្ឋិនិយម និងមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។
៣. គន្លឹះក្នុងការនិយាយពាក្យសម្ដីវិជ្ជមានទៅកាន់កុមារ
ដើម្បីជួយដល់ការអភិវឌ្ឍខួរក្បាលឱ្យបានល្អបំផុត ឪពុកម្ដាយគួរអនុវត្តគន្លឹះដូចខាងក្រោម៖
- សរសើរលើការខិតខំប្រឹងប្រែង (មិនមែនសរសើរតែលទ្ធផល)៖ ជំនួសឱ្យការនិយាយថា «កូនពូកែណាស់» គួរនិយាយថា «ម៉ាក់/ប៉ា ឃើញកូនខំប្រឹងធ្វើវាខ្លាំងណាស់ ទោះបីជាវាពិបាកក៏ដោយ»។ នេះជួយឱ្យខួរក្បាលកុមារយល់ថា ការព្យាយាមគឺជាគន្លឹះនៃភាពជោគជ័យ។
- ប្រើពាក្យ «អាច» ជំនួសពាក្យ «មិនអាច»៖ ប្រាប់កូនពីអ្វីដែលគេ គួរធ្វើ ជាជាងប្រាប់ពីអ្វីដែលគេមិនត្រូវធ្វើ។ ឧទាហរណ៍៖ «កូនជួយដើរថ្នមៗ ឬយឺតៗ» ជំនួសឱ្យពាក្យ «កុំរត់!»។
- ស្ដាប់ដោយយកចិត្តទុកដាក់៖ ការងក់ក្បាល ញញឹម និងការនិយាយថា «បាទ/ចាស៎ កូននិយាយបន្តមក» បង្ហាញកូនថាអ្វីដែលគេនិយាយគឺមានតម្លៃ។
- ពាក្យសម្ដីបង្ហាញក្ដីស្រឡាញ់គ្មានលក្ខខណ្ឌ៖ ប្រាប់កូនថា «ម៉ាក់/ប៉ាគាំទ្រកូនជានិច្ច ទោះបីជាកូនធ្វើមិនទាន់បានល្អពេញលេញក៏ដោយ»។ នេះបង្កើតឱ្យមាន «ស្ថានភាពសុវត្ថិភាពផ្លូវចិត្ត» ដែលចាំបាច់បំផុតសម្រាប់ឱ្យខួរក្បាលកុមារលូតលាស់។
ខួរក្បាលកុមារប្រៀបដូចជាសន្លឹកក្រដាសស។ ពាក្យសម្ដីរបស់អ្នកនៅថ្ងៃនេះ នឹងក្លាយជា «សំឡេងក្នុងចិត្ត» របស់កូននៅថ្ងៃអនាគត។ ចូរជ្រើសរើសពាក្យសម្ដីដែលផ្ដល់ពន្លឺ និងកម្លាំងចិត្តដល់ពួកគេ ជាជាងពាក្យដែលបន្តុះបង្អាប់។
ប្រភព៖ Roots of Action / Harvard